ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានជួសជុលរួចរាល់ទាំងស្រុងហើយ -Beng Mealea Temple’s Eastern Causeway Fully Restored -​ 25 July 2025

Share Post:

គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង បានជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលារួចរាល់ទាំងស្រុងហើយបន្ទាប់ពីចំណាយរយៈពេលជាង១ឆ្នាំ។

គម្រោងជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា បានចាប់ផ្តើមតាំងតែពីខែឧសភា ឆ្នាំ២០២៤មក។
លោក ឮ ចាន់ណូរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេលជាង១៦ខែ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏បានពង្រឹងគ្រឹះនៅផ្នែកខាងជើង និងខាងត្បូង ជញ្ជាំងស្ពាន តួស្ពាន កម្រាលស្ពាន ព្រមទាំងដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងឱ្យរួចរាល់ទាំងស្រុងដែរ។

បច្ចុប្បន្ននេះ ដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានៅសេសសល់តែការងារតិចតួចមួយចំនួនដូចជា កម្រាលស្ពាន ក្បាលសសរ និងតួសសរមួយចំនួនត្រូវបិទបាយអ សៀតថ្មដែលបែកតូចៗដើម្បីជួយពង្រឹងឱ្យរឹងមាំ ហើយផ្នែកសងខាងនៃស្ពាន លើកដីធ្វើជាទំនប់ ស្តារអាចម៍ដីនៅផ្នែកខាងក្រោមដែលកកស្ទះ ដើម្បីឱ្យទឹកហូរឆ្លងកាត់បានតាមរន្ធត្រដេវ ព្រមទាំងសម្អាត កាប់ឆ្ការព្រៃប៉ុណ្ណោះ។ ចំពោះដើមឈើដែលដុះជុំវិញស្ពាន ក្រុមការងារក៏បានដកហូតកាត់ក្រីមែកឈើមួយចំនួនដែលនៅកៀកនឹងស្ពាន ដើម្បីការពារការដួលរលំសង្កត់លើស្ពាន ជាពិសេសក្បាលនាគ។

លោក ចាន់ណូរ៉ា បញ្ជាក់ទៀតថា មុនពេលជួសជុល គឺស្ពានហាលខាងកើតនេះ មានស្ថានភាពខូចខាតស្ទើរទាំងស្រុង។ ជញ្ជាំងស្ពានស្រុត ប្រេះហែករលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងអស់ ថ្មបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំ។

ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា មានបណ្តោយប្រមាណ៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងកម្ពស់៣.២៧ម៉ែត្រ។ ស្ពាននេះ មានសសរចំនួន១២ រន្ធត្រដេវមានចំនួន១៣។ ស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ជាច្រកចូលខាងកើត ដែលមានប្រវែងវែងជាងគេ បន្តភ្ជាប់ទៅខឿនបឹងកែវ(កំពង់ទឹក) របស់បារាយណ៍(មានទំហំ១៦៧០មx៨៦៥ម)៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា,ភោគ ជា,ក្រុមការងារជួសជុល

A significant restoration project has successfully restored the eastern causeway of the Beng Mealea Temple, marking the completion of over a year of collaborative efforts between the APSARA National Authority and the Mekong-Lancang Project Special Fund. The restoration work commenced in May 2024.

Mr. Leu Channora, a technical staff member from the Department of Conservation of Monuments and Preventive Archaeology, reported that for the past 16 months, a dedicated restoration team from the APSARA National Authority has been working diligently to repair various sections of the eastern causeway, which had suffered extensive damage. The team not only repaired the causeway but also reinforced its foundations on both the north and south sides, as well as the walls, frame, and flooring. The restoration included the complete installation of Naga balustrades, including their bodies, heads, beams, and pillars on both sides of the causeway.

Currently, only a few minor tasks remain to finalize the restoration. These include finishing the causeway floor, sealing pillar heads and some pillars with mortar, removing small broken stones to enhance stability, raising the sides of the causeway to form a dam, restoring clogged soil for proper water drainage, and clearing the surrounding forest. Additionally, some tree branches that were in close proximity to the causeway have been trimmed to prevent potential damage from falling branches, especially to the Naga head.

Prior to restoration, the eastern causeway was in a state of near ruin. The walls were cracked, several Naga supports had collapsed, and numerous stones were broken. The flooring was extensively damaged, with sections torn out and pillars supporting the Naga balustrades also having fallen.

The eastern causeway of Beng Mealea Temple measures approximately 70 meters in length, 13 meters in width, and stands 3.27 meters high. It features 12 pillars and 13 drainage channels. This causeway serves as the longest eastern entrance to the temple, connecting to the Boeng Keo platform (Kampong Teuk) of Baray, which spans 1670 meters by 865 meters.

Article by Chhay Phanny
Photos by Yi Sotha, Phouk Chea, Restoration Team
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn