Friday, April 3, 2026
Latest:

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទអូរថ្មដាប់ APSARA National Authority Restores O Thma Dap Temple on Kulen Mountain -​ 2 January 2026

Share Post:

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឱ្យមានភាពរឹងមាំឡើងវិញ។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់មានគម្រោងជួសជុលរយៈពេល៤ខែ  ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើត​ដែលមានស្នាមប្រេះ​ចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ រួមនឹងពង្រឹងស្នាមប្រេះ​នៅផ្នែកខាងលិច។ល។ ក្រៅពីជួសជុលនេះ ក្រុមការងារក៏បាន​សម្អាតរុក្ខជាតិ​ដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។

ប្រាសាទអូរថ្មដាប់នៅមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន។ លោក ឮ ចាន់ណូរ៉ា បានបន្ថែមថា ក្នុងគម្រោងជួសជុលនេះ ក្រុមការងារបានដំឡើង​ខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរ​ចូលទៅទស្សនាឱ្យកាន់តែច្រើន។ ជាប្រាសាទមួយក្នុងចំណោម​ប្រាសាទឥដ្ឋ​តិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះ ឬគំនរឥដ្ឋប៉ុណ្ណោះ។

កន្លងមកប្រាសាទអូរថ្មដាប់ដែលមានអាយុកាលជាង ១២០០ឆ្នាំ មិនធ្លាប់មានការជួសជុលឡើយ គ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុល ប្រាសាទនេះមានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ល។

ដ្បិតថានៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែន ជាហូរហែ។ លោក ឮ ចាន់ណូរ៉ា អះអាងថា ការងារនេះដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ សុិន ប្រណី និងក្រុមការងារអភិរក្ស

The Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is currently restoring O Thma Dap Temple, a brick temple located in Jayavarman–Norodom Phnom Kulen National Park, with the aim of strengthening and preserving the monument.

Mr. Leu Channora, an archaeologist and official of the APSARA National Authority, said the restoration project spans four months. The team has focused on repairing the eastern side of the temple, where significant cracks extended from the base to the upper structure. Restoration work includes restoring a sandstone doorway, lintel, and pillars, reinforcing cracks on the western side, and removing vegetation from the top of the temple.

According to Mr. Leu Channora, O Thma Dap Temple remains in relatively good condition and features high-relief carvings at each corner, making it an attractive destination for visitors. The installation of a new sandstone doorway has further enhanced the temple’s appearance and is expected to draw more tourists. O Thma Dap is one of the few brick temples on Kulen Mountain that has survived almost entirely, while most others remain only as foundations or scattered brick remains.

The temple, estimated to be over 1,200 years old, had never undergone structural restoration in the past, receiving only archaeological research, routine maintenance, and cleaning. Prior to the current project, the eastern structure showed severe cracking and falling stones.

Although located far from the Angkor area, the leadership of the APSARA National Authority has consistently paid attention to the conservation of heritage sites on Kulen Mountain and encouraged the preparation of a formal restoration project. Mr. Leu Channora emphasized that the restoration aims not only to preserve this ancient temple but also to promote cultural tourism in the Kulen Mountain area.

Article by Neang Samnang
Photos by Sin Broney and the Restoration Team
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn