ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) នាទិសខាងត្បូងរបស់ប្រាសាទភ្នំបាខែង ក្នុងដំណាក់ទី២ ចាប់ពីផ្នែកខាងលើផ្តែរ រហូតដល់កំពូល មានចំនួន៣រួត ប្រវែងសរុបប្រមាណ៧ម៉ែត្រ។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។
អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីផ្នែកខាងលើរបស់ផ្តែរនៃតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) រហូតទៅដល់កំពូលគឺមានបញ្ហារលុះឥដ្ឋខូចខាតធ្ងន់ធ្ងរ បណ្តាលមកពីកត្តាអាយុកាល កត្តាធម្មជាតិ និងអាកាសធាតុ ដោយបង្កឱ្យមានកំណកដី ឥដ្ឋពុកផុយបាត់បង់ល្បាក់ក្បាច់ផ្សេងៗរបស់ប្រាសាទ។ លើសពីនេះ ជញ្ជាំងផ្នែកខាងត្បូងចាប់ពីរួតទី២ បានរលុះបាក់ទាំងស្រុង។ រីឯផ្នែកខាងក្នុងនៃតួប៉ម ឥដ្ឋពុកផុយងាយនឹងរលុះឥដ្ឋផងដែរ។
បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុលសង្គ្រោះតួប៉មឥដ្ឋនេះ ដោយជួសជុលផ្ទៃជញ្ជាំងរបស់រួតនីមួយៗរហូតទៅដល់កំពូលឱ្យរឹងមាំជាមុនសិន មុននឹងឈានដល់ការជួសជុលនៅផ្នែកខាងក្នុងជាបន្តទៀត។ កិច្ចការជួសជុល ក្រុមការងារបានសម្អាតកំណកដីនៅតាមផ្នែកដែលពុកផុយពីមួយស្រទាប់ទៅមួយស្រទាប់ និងជួសជុលពង្រឹងនៅតាមចំណុចផ្ទៃជញ្ជាំងឥដ្ឋដែលហែកក្រៀក។ ចំពោះផ្នែកដែលបាត់បង់ទ្រង់ទ្រាយដើម ហើយចាំបាច់សម្រាប់ទ្ររចនាសម្ព័ន្ធខាងលើ គឺជួសជុលប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងតាមគំរូដើមដែលនៅសេសសល់ មកបំពេញទីតាំងដែលបាត់បង់ឱ្យមានលក្ខណៈពេញលេញ មានសោភ័ណភាព រឹងមាំ គង់វង្សយូរអង្វែងបន្តទៀត។
អ្នកស្រី ឈុន រតនា បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារបានជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង សម្រេចបាន៦០ភាគរយហើយ។ ចំណែកផ្នែកដែលនៅសេសសល់ គឺក្រុមការងារបន្តជួសជុលដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ពីព្រោះផ្នែកដែលនៅសេសសល់បានរងការខូចខាតធ្ងន់ធ្ងរ ដូចជាបាត់បង់ស្លាកស្នាម រូបរាងដើម និងល្បាក់ក្បាច់ផង។ ហេតុនេះហើយ ការងារជួសជុលត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់បំផុត៕
អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី
The APSARA National Authority, through its Department of Conservation of Monuments and Preventive Archaeology, is carrying out the second phase of restoration and structural reinforcement of Brick Tower No. 13 (G13), located on the southern side of Phnom Bakheng Temple. This phase focuses on the upper section of the tower, extending from the roof to the summit in three sections with a total height of approximately seven meters. Restoration work began in mid-May 2026 and is scheduled for completion by the end of the year.
According to Ms. Chhun Ratana, an official from the Department of Conservation of Monuments and Preventive Archaeology, the upper portion of Brick Tower No. 13 has suffered severe deterioration caused by age, natural conditions, and prolonged weather exposure. These factors have led to the accumulation of soil, the decay of original bricks, and the loss of many decorative architectural elements. In addition, the southern wall of the tower has completely collapsed from the second tier upward, while the interior has become increasingly fragile, with bricks continuing to deteriorate and fall away.
The restoration team has prioritized stabilizing the structure by reinforcing the tower’s walls before proceeding with interior conservation. The work includes carefully removing accumulated soil and deteriorated material layer by layer, consolidating cracked brick masonry, and strengthening weakened sections. Where original architectural elements have been lost but are essential for supporting the structure, conservators apply the anastylosis and analogy techniques, using surviving original features as references to accurately reconstruct missing portions while preserving the tower’s historical authenticity and ensuring its long-term stability.
Ms. Chhun Ratana added that approximately 60 percent of the restoration has been completed. The remaining work requires meticulous attention because the upper sections have sustained extensive damage, including the loss of original forms and decorative details. Each stage of the restoration is therefore carefully examined and verified to ensure both technical accuracy and the preservation of the monument’s historical value.
Article by: Yi Sotha
Photos by: Sin Broney
Translation by: Net Phirun




