Sunday, June 15, 2025
Latest:

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែឡើងវិញ- APSARA National Authority restoring the Neang Chral (roof decoration) at Banteay Samre Temple-​ 13 June 2025

Share Post:

ក្រុមការងារនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។

លោក ឡុង ណារី ប្រធានក្រុមការងារជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែ លើកឡើងថា នាងច្រាលជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូច្នេះការរៀបចំជួសជុល ពង្រឹងឡើងវិញ ជាផ្នែកមួយមានសារសំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ។ ចំពោះប្រាសាទបន្ទាយសំរ៉ែ លោក ណារី ថា នាងច្រាលមួយចំនួនធំបានបាក់បែក និងរបេះធ្លាក់ដល់ដី ដែលក្រុមការងារបស់លោក កំពុងរើស និងរៀបចំបិទបាយអរពង្រឹង និងរៀបចំដាក់នៅទីតាំងដើមវិញ។ លោកបញ្ជាក់ថា នាងច្រាលយ៉ាងហោចណាស់ជាង៣០០ នឹងត្រូវបានជួសជុល ពង្រឹងឡើងវិញ។

ដូចនៅប្រាសាទដទៃទៀតដែរ នាងច្រាលមានការបាក់បែក និងពុកផុយ ដោយសារកត្តាធម្មជាតិ និងអាយុកាល។ ចំពោះប្រាសាទបន្ទាយសំរ៉ែ នៅសេសសល់នាងច្រាលច្រើន ដោយសារមានការជួសជុល នៅសម័យដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលពេលនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់យូរទេ។ លោក ណារី បញ្ជាក់ថា ការជួសជុលលើកនេះ ក្រុមការងាររបស់លោកនឹងប្រើបាយអរបិទភ្ជាប់ រួមផ្សំនឹងឧបករណ៍ សម្ភារទំនើប នឹងអាចពង្រឹងនាងច្រាល ឱ្យឈរជាប់រឹងមាំរាប់ឆ្នាំបន្តទៀត។

លោក ណារី មានសុទិដ្ឋិនិយមថា បន្ទាប់ពីជួសជុលរួចរាល់ នឹងលើកសោភ័ណភាពប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា, យក់ ក្រូច និងឈាន សុភា

The APSARA National Authority is currently undertaking a restoration project focused on the Neang Chral, a significant roof decoration at Banteay Samre Temple. This initiative is being carried out by a dedicated restoration team from the Department of Conservation of Monuments and Preventive Archaeology, with the aim of enhancing the temple’s aesthetic appeal.

Mr. Long Nary, who leads the restoration team, emphasized the architectural importance of the Neang Chral at Banteay Samre. He noted that many of these decorative elements have suffered damage and have fallen to the ground over time. His team is actively collecting these pieces to restore and reinforce them, ensuring they are returned to their original positions. A total of at least 300 Neang Chral are slated for restoration.

Like many historical structures, the Neang Chral at Banteay Samre have deteriorated due to natural elements and the passage of time. While some Neang Chral remain intact from previous restorations, those efforts employed cement and small iron cores, which have proven inadequate for long-term preservation. Mr. Nary explained that this current restoration will utilize mortar along with modern tools and materials, providing a more durable solution to ensure the Neang Chral can withstand the test of time.

Mr. Nary expressed optimism that the completed restoration will not only beautify Banteay Samre Temple but also attract an increased number of visitors to this historical site.

Article by Neang Samnang
Photos by Phouk Chea, Yuk Krouch, and Chhean Sophea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn