Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ដុះបណ្ដាលអ្នកបន្តវេនធ្វើខ្មុកម្រ័ក្សណ៍ខ្មែរនៅស្នាក់ការអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក -APSARA National Authority and Ministry of Culture and Fine Arts Train Khmer Lacquerware Craftsmen at Run Ta Ek Eco Village-​ 07 April 2026

Share Post:

អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់លើការថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតា ដោយជួយជ្រោមជ្រែងដល់អ្នកជំនាញផ្នែកសិល្បៈខ្មុកម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើននាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន តាមរយៈគម្រោងបណ្តុះបណ្តាលវិជា្ជជីវៈកេរដំណែលដូនតា ដើម្បីឱ្យអ្នកមានចិត្តស្រឡាញ់វិស័យនេះបានរៀនសូត្រ និងបានទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។

លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈកេរដំណែលដូនតាអស់រយៈពេល១១ខែមកហើយ។ គ្រូបង្គោលរូបនេះបានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុកម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាពទូលំទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើងសម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។ ដោយឡែកនៅក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀនផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្មពេលរៀនចប់។

លោក យុន តារារ័ត្ន បានចំណាយពេល២ថ្ងៃរៀងរាល់ចុងសប្ដាហ៍ ធ្វើដំណើរចេញពីក្រុងសៀមរាបឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីបង្រៀនយុវជន និងពលរដ្ឋនៅទីនោះ។ បើទោះបីជាពេលវេលាខ្លី លោក តារារ័ត្ន បានព្យាយាមបង្ហាត់បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយធ្វើឡើងក្នុងទម្រង់ក្បួនខ្នាតនៃសិល្បៈខ្មែរ ហើយឃើញថាការខិតខំរបស់សិស្សងាយចាប់បាន និងអាចធ្វើបានតាមអ្វីដែលគ្រូបានដាក់ឱ្យធ្វើ។

វគ្គបណ្តុះបណ្តាលនៅនេះ មានពលរដ្ឋ និងយុវជនប្រមាណ១៥នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ និងជ្រើសរើស រៀនជំនាញខ្មុកម្រ័ក្សណ៍។ អ្នកស្រី ប៊ុន ចាន់ធី អាយុ៤៥ឆ្នាំ គឺជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនទៀត ដែលមាននិស្ស័យនឹងសិល្បៈខ្មុកម្រ័ក្សណ៍ ដែលធ្វើឱ្យការរៀនសូត្រឆាប់យល់ និងចេះចាំនូវក្បួនធ្វើតាមដំណាក់កាលនីមួយៗ។ អ្នកស្រី ប្រាប់ថា ជំនាញធ្វើខ្មុកម្រ័ក្សណ៍នេះមានការលំបាក ដោយត្រូវការភាពអត់ធ្មត់ជាច្រើន។ សព្វថ្ងៃ អ្នកស្រីអាចចេះផលិតខ្មុករូបសត្វ ដន្លាប់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។ អ្នកស្រី សង្ឃឹមថាក្រៅពីជួយអ្នកស្រីឱ្យយកទៅធ្វើជាមុខរបររកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃទៅថ្ងៃអនាគត គឺជាការផ្តល់ឱកាសឱ្យអ្នកភូមិធម្មជាតិរុនតាឯកបានចូលរួមថែរក្សាមរតកវប្បធម៌ដូនតាខ្មែរ។

ចំណែកកញ្ញា សិទ្ធ សុណាន់ ដែលជានិស្សិតរៀននៅសកលវិទ្យាល័យផង បានឆ្លៀតពេលទំនេរចុងសប្ដាហ៍មករៀនសិល្បៈធ្វើខ្មុកផង។ កញ្ញាប្រាប់ថា ជំនាញនេះពិតជាមានសារសំខាន់ក្នុងការជួយថែរក្សាមរតកវប្បធម៌របស់ដូនតាខ្មែរ។ នាងនិយាយថា កាលពីមុននាងមិនដែលស្គាល់អ្វីទៅជាសិល្បៈខ្មុកម្រ័ក្សណ៍ និងជាក្បាច់រចនារបស់ខ្មែរទេ។ ប៉ុន្តែបន្ទាប់ពីចូលរៀនជំនាញនេះ មិនត្រឹមតែធ្វើឱ្យនាងស្គាល់មរតកវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរប៉ុណ្ណោះទេ គឺថែមទាំងចេះធ្វើវាទៀត និងមានមោទនភាពយ៉ាងខ្លាំងចំពោះចំណេះជំនាញមួយនេះផង៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី

The APSARA National Authority, in collaboration with the Ministry of Culture and Fine Arts, continues its commitment to preserving Cambodia’s rich intangible cultural heritage by supporting the training of Khmer lacquer art. This initiative is being carried out at the headquarters of the Run Ta Ek Eco Village Management Unit in Run Ta Ek Techo Sen City through the Ancestral Heritage Vocational Training Project.

The program aims to provide opportunities for Cambodian citizens and young people who are passionate about traditional arts to learn and carry forward the ancestral skills of Khmer lacquer craftsmanship for future generations.

Mr. Yun Tararoath, 52, a skilled expert in Khmer lacquer art, has been serving as a trainer in the project for the past 11 months. He explained that Khmer lacquer is traditionally made from materials such as paper and natural lacquer, and that this craft has existed in Cambodian society for hundreds of years. According to him, continuous training is essential to ensure that this valuable knowledge remains comprehensive and is not lost over time.

As part of the training, students learn to create various forms of lacquerwork, including traditional “Khmok” masks used in Khmer classical drama, featuring characters such as giants, monkeys, and other mythological figures. In addition, they are taught to produce small-scale figurines and souvenirs, enabling them to develop practical skills that can lead to income-generating opportunities after completing the course.

Despite the distance of more than 30 kilometers from Siem Reap, Mr. Tararoath dedicates two days every weekend to travel to Run Ta Ek Techo Sen City to conduct the training sessions. Within this limited time, he delivers both theoretical knowledge and hands-on practice, following Khmer artistic standards. He noted that the students demonstrate strong commitment and are able to quickly understand and apply the techniques taught.

The training course currently includes around 15 participants, all of whom share a deep interest in Khmer lacquer art. Among them is Ms. Bun Chanthy, 45, who has shown notable talent and dedication. She shared that although the craft is complex and requires patience, she has successfully learned to create figurines of animals, birds, and various decorative items. She hopes that these skills will not only provide her with a sustainable livelihood but also contribute to preserving Cambodia’s cultural heritage.

Another participant, Ms. Seth Sonan, a university student, spends her weekends learning the craft. She expressed that before joining the program, she had little knowledge of Khmer lacquer art or traditional design. Through the training, she has gained both practical skills and a deeper appreciation of Cambodia’s cultural legacy, which she now takes great pride in.

Through initiatives like this vocational training project, the APSARA National Authority and the Ministry of Culture and Fine Arts continue to play a vital role in safeguarding Cambodia’s intangible cultural heritage while empowering communities with valuable skills for sustainable livelihoods.

Article by: Yi Sotha
Photos by: Sin Broney/Yun Tararoath
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn