Tuesday, November 10, 2026
Latest:

អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកខាងជើងប្រាសាទអង្គរវត្ត-APSARA National Authority Reopens Angkor Wat’s Northern Pond to Visitors for Sightseeing and Photography -06 November 2026

Share Post:

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង  (20ᵉ Sommet de la Francophonie)  ដែលគ្រោងនឹងមកជួបប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ អាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកដែលឆ្លុះចាំងស្រមោលប្រាសាទអង្គរវត្តនៅស្រះទាំងពីរ។

លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលជាអ្នកគ្រប់គ្រងគម្រោងជួសជុល ឱ្យដឹងថា ការបិទស្រះទឹកខាងជើងប្រាសាទអង្គរវត្តមួយរយៈមកនេះ គឺដើម្បីចំណាយពេលស្រាវជ្រាវ ស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជួសជុលជាដំណាក់កាលៗ។ ស្ថានភាពមុនពេលជួសជុល គឺមានការខូចខាតយ៉ាងខ្លាំងដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ ដែលធ្វើឱ្យផ្ទៃបាតស្រះគោករាក់ដោយសារកំណកដី គ្រឹះកាំជណ្ដើរដែលធ្វើពីថ្មបាយក្រៀមជាច្រើនត្រូវពុកផុយ និងកាំជណ្ដើរដែលធ្វើពីថ្មភក់ជាច្រើនបានឃ្លាតចេញពីគ្នា ហើយថ្មខ្លះក្នុងចំណោមនោះក៏ពុកផុយដែរ។

បន្ទាប់ពីការជួសជុលមួយរយៈមក បច្ចុប្បន្នស្រះទឹកខាងជើងអង្គរវត្តនេះ មានសោភ័ណភាពស្រស់ស្អាតជាងកាលពីពេលមុនទៅទៀត។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា ពន្យល់ថា កាលពីមុន ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត គឺមិនមានទឹកដើម្បីឱ្យភ្ញៀវទេសចរអាចទៅថតរូបចាំងឆ្លុះស្រមោលប្រាសាទអង្គរវត្តបានទេនៅរដូវប្រាំង ប៉ុន្តែបន្ទាប់ពីការជួសជុលរួចនេះ ស្រះទឹកខាងជើងប្រាសាទអង្គរវត្តនឹងមានទឹកខួបប្រាំងខួបវស្សា ដើម្បីបំពេញបំណងភ្ញៀវទេសចរឱ្យអាចទៅថតរូបចាំងឆ្លុះស្រមោលអង្គរវត្តបានគ្រប់ពេលវេលា។ ភាពទាក់ទាញរបស់ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ក្រៅពីជួយលើកសោភ័ណភាពរបស់ប្រាសាទបុរាណមួយកម្រិតថែមទៀតនោះ គឺការចាំងឆ្លុះកំពូលប្រាសាទបុរាណទាំងនោះទៅក្នុងទឹកថ្លាយង់ ដែលធ្វើឱ្យអ្នកទេសចរគ្រប់រូបចង់ទៅថតរូបអនុស្សាវរីយ៍។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពេលចុះពិនិត្យការប្រកាសបើកស្រះទឹកខាងជើងអង្គរវត្តឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញនោះថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីអនុញ្ញាតឱ្យទទួលភ្ញៀវជាគណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie) ដែលគ្រោងនឹងមកជួបប្រជុំនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆាប់ៗនេះ បានឃើញពីសោភ័ណភាពដ៏ស្រស់ស្អាតនៃសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ ឯកឧត្តមបញ្ជាក់ទៀតថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាជួសជុលឱ្យបានរួចរាល់នៅមុនពេលកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

នៅស្របពេលដែលស្រះទឹកខាងជើងអង្គរវត្ត បានប្រកាសដាក់ឱ្យភ្ញៀវទេសចរចូលទៅថតរូប និងទស្សនាឡើងវិញនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមេត្តាជួយសម្អាត កុំបោះចោលសំរាម និងជួយថែរក្សាសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាជួយថែរក្សាទេសភាព និងសោភ័ណភាពទីនេះឱ្យនៅតែស្រស់ស្អាតជានិច្ច៕

អត្ថបទ​៖ ឆាយ ផាន់នី
រូបភាព​៖ ស៊ិន ប្រណី,លោកស្រី ភិន វិជ្ជាសុច្ចរ៉ា

The APSARA National Authority has fully completed the restoration of the Northern Pond at Angkor Wat as of late October 2026. Currently, the technical team is working on final landscaping and beautification in preparation for welcoming both national and international visitors, as well as delegates attending the 20th Summit of the International Organization of La Francophonie (20ᵉ Sommet de la Francophonie), which is scheduled to take place in the Kingdom of Cambodia in the near future. Visitors can now enjoy sightseeing and taking memorable photographs of the magnificent reflection of Angkor Wat in both ponds.

Ms. Phin Vicheasochara, a technical officer of the Department of Conservation of Monuments and Preventive Archaeology and project manager for the restoration, explained that the temporary closure of Angkor Wat’s Northern Pond was necessary to allow time for research, a thorough assessment of its infrastructure, and restoration work carried out in several phases. Before restoration, the pond had suffered significant deterioration due to age and weather conditions. Its bottom had become shallow from accumulated sediment, many laterite stone foundations supporting the staircases had deteriorated, and numerous sandstone steps had become displaced, with some also showing signs of decay.

Following the restoration, the Northern Pond at Angkor Wat now boasts an even more beautiful appearance than before. Ms. Phin Vicheasochara explained that previously, during the dry season, the northern pond often had no water, preventing visitors from photographing the reflection of Angkor Wat. However, following the restoration, the pond will retain water throughout both the dry and rainy seasons, allowing visitors to capture the temple’s reflection at any time of the year. Beyond further enhancing the beauty of this ancient monument, the pond’s greatest attraction is the clear reflection of Angkor Wat’s magnificent towers on its tranquil water surface, making it a popular destination for visitors wishing to take memorable photographs.

During his inspection of the reopening of the Northern Pond to visitors, H.E. Dr. Hang Peou, Director General of the APSARA National Authority, stated that this restoration represents another important achievement in preparing to welcome delegates from Francophone countries attending the 20th Summit of the International Organization of La Francophonie (20ᵉ Sommet de la Francophonie), which will soon take place in the Kingdom of Cambodia. The achievement will allow them to appreciate the remarkable beauty of Angkor, a World Heritage Site. He further emphasized that APSARA National Authority teams had made tremendous efforts to complete the restoration ahead of the 20th Francophonie Summit in Phnom Penh, Cambodia.

On the occasion of the reopening of Angkor Wat’s Northern Pond for sightseeing and photography, the APSARA National Authority appeals to all national and international visitors to help keep the area clean by refraining from littering and maintaining public order. Through everyone’s cooperation, the beauty and scenic surroundings of this site can be preserved for future generations.

Article by Chhay Phanny
Photos by Sin Broney and Ms. Phin Vicheasochara
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn