គោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅជាសហគមន៍ស្មូនដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ។ ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសទួលមួយដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែតសម្រាប់ធ្វើកំណាយ។
លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុដំណាក់កាលដំបូង គឺរចនាសម្ព័ន្ធឡទាំងមូលធ្វើដីឥដ្ឋ។ ចំណែករចនាសម្ព័ន្ធឡចុងក្រោយដូចដែលយេីងបានឃើញ
នេះ គឺធ្វើពីឥដ្ឋដុត ហេីយឡ ដែលទើបបានរកឃើញថ្មីនេះទំនងជារចនាសម្ពន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។
លោក ពិទូ ភិរម្យ ឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ យើងអាសន្នដ្ឋានបានថា ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលេីដំបូល។ លោកបានបញ្ជាក់បន្ថែមទៀតថា រចនាសម្ពន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។
ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។
ដោយឡែកទាក់ទងនឹងការស្វែងយល់ពីការលេីកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ល។ លោក ញឹម ស៊ីដេត បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះមានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង។
ដោយឡែកចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែបើយើងប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូងដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ពន្ធឡដុតភាជន៍ខ្លះៗ ពីរណ្តៅកំណាយមួយចំនួនដែលបសនធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីស.វ.ទី៩ ទៅដល់ស.វ.ទី១២។ ដូច្នេះ យើងអាចសន្និដ្ឋានជានឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២៕
អត្ថបទ: យី សុថា
រូបភាព: សុិន ប្រណី និងក្រុមការងារស្រាវជ្រាវ
Researchers from the APSARA National Authority are conducting an in-depth study of ancient ceramic kilns at Kok Pnov, contributing to a better understanding of Angkor’s historical production communities.
Kok Pnov is a group of inhabited mounds located approximately 500 meters southeast of Srah Srang and southwest of Pre Rup Temple. Surface surveys have revealed scattered ceramic sherds and clay bricks across several mounds. Analysis shows that these include everyday household items such as pots and jars, as well as harder ceramics like plates and bowls with rough, unsmoothed surfaces.
According to Tin Tina, Deputy Director of the Department of Research, Training, and Communication, the research aims to determine whether Kok Pnov functioned as a ceramic production community. In 2025, the team selected the Trapaing Thma Andet mound for study, followed by further excavation in 2026 at a nearby mound south of the kiln site.
Chhay Rachana, Director of the Office of Research, presented preliminary findings from the 2026 excavation. The team discovered kiln structures that evolved over time—from early clay-built kilns to later constructions made of baked bricks. Each soil layer contained various ceramic fragments, including bricks, pots, jars, and harder wares such as plates and bowls. These findings suggest the newly uncovered kiln may represent the final phase of ceramic production before the Angkor community abandoned the site.
Researcher Pitu Phirom highlighted the unique architectural features of the kiln. Unlike others, this structure had both a brick floor and walls. Based on remaining evidence, the kiln measured approximately 1.80 meters in width and may have reached 1.80 to 2 meters in height. It included ventilation holes in four directions, three fire pits at the corners, and a central pedestal—indicating a sophisticated design adapted for efficient firing.
Meanwhile, Nhoem Sidet explained that excavation pits outside the kiln area were opened to locate disposal zones for ceramic waste and production debris, offering further insight into the daily practices of ancient craftsmen.
Although the exact dating of the kiln remains under study, comparisons with charcoal samples analyzed from earlier excavations by the Greater Angkor Project in 2011 suggest that these kiln sites likely date from the 9th to the 12th centuries. This indicates that both the Trapaing Thma Andet kiln and the newly discovered structures were active during the height of the Angkor civilization.
Article by: Yi Sotha
Photos by: Excavation Team, Sin Broney
Translation by: Net Phirun




