ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។ ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក។
នៅថ្ងៃទីមួយ ក្រុមអ្នកជំនាញការអន្ដរជាតិ រួមនិងទាំងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលប្រាសាទភ្នំក្រោម ប្រាសាទបក្សីចាំក្រុង ប្រាសាទតាព្រហ្ម ដែលនៅតាមការដ្ឋាននីនួយៗអ្នកជំនាញការស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាការផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។
សូមបញ្ជាក់ថា ក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា៕
អត្ថបទ: យី សុថា
រូបភាព: ហាប់ គឹមអាន/ ស៊ិន ប្រណី/ ខៀវ មុន្នី
The Ad Hoc experts of the ICC-Angkor/Sambor Prei Kuk have begun a week-long inspection of restoration sites within the Angkor area, ahead of the committee’s upcoming official sessions. The site visits, taking place from December 1 to 9, aim to assess ongoing conservation work and review progress in line with previous expert recommendations.
On the first day, the international delegation—accompanied by specialists from the APSARA National Authority—visited key restoration locations, including Phnom Krom Temple, Baksei Chamkrong Temple, and Ta Prohm Temple. At each site, restoration teams delivered technical briefings, after which the experts offered further guidance and recommendations to enhance the conservation efforts.
These pre-session inspections are a regular part of the ICC-Angkor/Sambor Prei Kuk process, held prior to the committee’s biannual meetings. This year, the 41st Technical Session and 32nd Plenary Session are scheduled for December 11–12, 2025, at the Sofitel Angkor Phokeethra Hotel.
Article by Yi Sotha
Photos by Hap Kim An / Sin Broney / Khieu Mony
Translation by Net Phirun




