Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរាពន្លឿនការងារជួសជុលពង្រឹងតួប៉មA នៃប្រាសាទគោកពោធិ៍-APSARA National Authority Accelerates Restoration Work on Tower A of Kok Po Temple- 11 November 2024

Share Post:

អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញបាននឹងកំពុងពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២៤មក រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ហើយ។

លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយបារម្ភពីហានិភ័យនៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះ ចំពោះផ្នែកខឿនខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញទៅតាមផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែកដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅតាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខនេះ។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ ដោយសារកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើដុះចាក់ឫសយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គA សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។
លោក ហួរ សុធន បន្ថែមថា ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ពន្ធនៃប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលទេសចរជាតិ និងអន្តរជាតិ តែចូលមកទស្សនាមិនចេះដាច់ ដោយសារជាទីកន្លែងឆ្លងកាត់ទៅកាន់ប្រាសាទដទៃទៀត។

សូមជម្រាបថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា

The restoration team has been diligently working on Tower A of Kok Po Temple for over five months, beginning in June 2024, with the project nearing completion.

Hour Sothoun, the archaeologist overseeing the restoration at Kok Po Temple, reported that significant progress has been made. The south and west walls have been repaired and reinforced to 95% completion, ensuring that the previously at-risk Tower A is now stable. To strengthen the lower sections of the tower, additional bricks have been added. The remaining tasks include reassembling the roof and removing deep-rooted plants that have taken hold on the structure. The team is working swiftly, with an anticipated completion date by the end of November.

Sothoun elaborated that the Kok Po Temple complex comprises four towers—designated A, B, C, and D—though they are not aligned as they were constructed during different periods and by different kings. Over time, natural degradation and insufficient maintenance, particularly due to invasive tree roots, have led to significant damage; Towers C and D have completely collapsed, while only parts of Tower A and B remain intact.

The restoration of Kok Po Temple is not only vital for preserving cultural heritage but also serves as an important site for local worshippers and attracts both national and international tourists. It acts as a key transit point to other temples in the area.

Kok Po Temple is situated approximately 2 km north of Teuk Thla Baray in Kok Po Village, Daun Keo Commune, Puok District, Siem Reap Province. This group of temples dates back to the late 8th and 9th centuries.

Article: Office of Communication 
Photos: Phouk Chea 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn