Saturday, November 9, 2024

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយ​រមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន-APSARA National Authority and X Capital Investment Company Sign MoU to Promote Angkor to Chinese Market- 22 October 2024

Share Post:

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត​ចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ បានសម្ដែងនូវក្តីសោមន្សរីករាយ និងថាអាជ្ញាធរជាតិអប្សរា បានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានលើកឡើង​ពីកិច្ចខិតខំប្រឹងប្រែង​នាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ​ឱ្យមាននិរន្តរភាព និងគង់វង្សតទៅ​អ្នកជំនាន់ក្រោយ។

លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន​និងប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការ ផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ លោកស្រីអភិបាលក្រុមហ៊ុន ក៏នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិត ស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ ភោគ ជា

On October 22, 2024, the APSARA National Authority and X Capital Investment Company signed a Memorandum of Understanding (MoU) aimed at enhancing the promotion of the Angkor site to the Chinese market. The signing ceremony was attended by H.E. Dr. Hang Peou, Director-General of APSARA National Authority, and Mrs. Ear Sophea, representative of X Capital Investment Company, along with various other stakeholders.

H.E. Dr. Hang Peou expressed satisfaction with the collaboration, emphasizing APSARA’s readiness to work with X Capital to boost tourism from China, in alignment with the Royal Government’s policies. He highlighted the Authority’s ongoing efforts in conservation and sustainable development of Angkor for future generations.

Mrs. Ear Sophea reaffirmed her company’s commitment to this initiative, which includes producing documentary videos and exhibitions designed to attract Chinese tourists to Angkor and Cambodia as a whole. She also noted the importance of collaborating with APSARA Authority experts to ensure that all promotional materials adhere to UNESCO World Heritage guidelines.

Article: Neang Samnang

Photos: Phouk Chea

Article Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn