ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោបន់ស្រន់របស់ប្រាសាទនេះរួចមក។
រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។
អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។
លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា
Ta Prohm Kel Temple, a former Angkorian hospital, was severely damaged for a long time. But now it has returned to its original state and is almost as complete as it was in the past. Workers repairing the ancient temple showed their happiness after completing the restoration of the central tower of Ta Prohm Kel Temple.
Seng Sorn, 69, a resident of Ta Trai village, Preah Dak commune, Banteay Srei district, who worked as a repair worker at Ta Prohm Kel Temple, said that Ta Prohm Kel Temple had collapsed when the stone was unstable and very dilapidated. There was resistance almost everywhere. Mr. Seng Sorn participated in the restoration of Ta Prohm Kel Temple, as a sculptor of both sandstone and laterite and expressed his excitement that he was not lazy to restore the temple. He liked to work tirelessly and every day wanted to come and see as well as still wanted to work to restore ancient temples. If he was still healthy, he would always be involved in repairing ancient temples.
60-year-old Lai Lon, a stone carver at Ta Prohm Kel Temple restoration site, said he was happy to be involved in the restoration of ancient temples. He said that this restoration would make the temple strong and leave it for future generations to see and know. Although the work of restoring, preserving, and maintaining the ancient temples to be strong and long-lasting is the role and duty of the APSARA National Authority, it also requires many people to participate in many areas.
Mr. Seng Sorn and Mr. Lai Lon requested the residents and tourists to help preserve the ancient temples of the Khmer ancestors, to avoid using any inappropriate activities in the temple, causing damage to the stone and impacting the value of priceless heritage.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។