Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការដ្ឋានជួសជុលប្រាសាទជមនៅចុងឆ្នាំនេះ -APSARA National Authority Plans to Complete the Restoration of Chorm Temple by the End of 2025-​ 15 September 2025

Share Post:

ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ​ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុល​នៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។

លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញ​ជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។

លោក Park SungChul អ្នកស្រាវជ្រាវ និងបុគ្គលិកនៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានពន្យល់ថា បន្ទាប់ពីរើតួប្រាសាទ គេបានរកឃើញថា គ្រឹះរបស់ប្រាសាទនេះមានបញ្ហាខូចខាតខ្លាំង ថ្មមួយចំនួនមានភាពពុកផុយ។ ដូច្នេះការជួសជុល ត្រូវជំនួសថ្មថ្មីខ្លះដែលគោរពទៅតាមធម្មនុញ្ញអង្ករ​ដើម្បីធានា​នៃភាពរឹងមាំទៅអនាគត។ ក្រៅពីនេះ អ្នកជំនាញក៏បានពង្រឹង និងបន្ថែមថ្មនៅតាមស្រទាប់ ខ្លះដែលបាត់ថ្ម ឬពុកផុយដោយសារអាយុកាលផងដែរ។

អ្នកជំនាញកូរ៉េរូបនេះ ក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញខ្មែរ និងកម្មករជួសជុលទាំងអស់ ដែលចូលរួមជួយឱ្យគម្រោងនេះ សម្រេចលទ្ធផលគួរជាទីមោទន និងធ្វើឱ្យប្រាសាទជម ឈររឹងមាំ និងស្រស់ស្អាតឡើងវិញ។

ចំណែកលោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងគម្រោងការងារនេះ អ្នកជំនាញខ្មែរបានចូលរួមបំពេញការងារ​មួយចំនួន ដូចជាធ្វើសម្រង់ប្លង់មុន និងក្រោយជួសជុល​ ស្វែងរកថ្មដែលបាត់ ឬជ្រុះរាយប៉ាយមកផ្គុំឡើងវិញ។ល។ បើតាមលោក យ៉ាម៉ង់ អ្នកជំនាញខ្មែរ​បានផ្គុំថ្មជាង២០០ដុំរួចហើយ និងព្យាយាមរកថ្ម និងផ្គុំនៅកន្លែងដែលបាត់នោះឡើងវិញ។

ក្នុងនាមពលរដ្ឋខ្មែរ និងអ្នកជួសជុលមួយរូប លោក យ៉ាម៉ង់ ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជួយឱ្យប្រាសាទជម ដែលជាប្រាសាទមានសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយ បានឈររឹងមាំឡើងវិញ។ លោកក៏រំពឹងថា ពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរ នឹងចូលទស្សនា ស្វែងយល់ពីប្រាសាទជម បន្ទាប់ពីដាក់សម្ពោធជាផ្លូវការផងដែរ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, យី សុថា

The APSARA National Authority has announced plans to complete the restoration of Chorm Temple by the end of this year. Located in the Preah Pithu Temple complex within the former Angkor Thom capital, Chorm Temple has undergone major restoration work since 2019 and is expected to be completed in December 2025.

According to Mr. Eo Jinkyu, architect and head of the second project for the restoration and conservation of the Terrace of Elephants and Preah Pithu Group, Chorm Temple had been in a highly dilapidated state prior to the restoration. Experts decided to completely dismantle the temple in order to strengthen its foundation and rebuild it step by step. He emphasized that the project has been a collaboration between Korean and Cambodian specialists, including architects, archaeologists, and skilled restoration workers.

Mr. Park SungChul, researcher at the Korea Heritage Agency, explained that during the dismantling process, the team discovered severe damage to the foundation, with many stones decayed beyond repair. To ensure long-term stability, some stones were replaced in line with the Angkor Charter’s principles, while others were reinforced. Additional stones were also integrated into sections that had suffered loss or deterioration due to age.

He expressed deep gratitude to the leadership of the APSARA National Authority, Cambodian experts, and all restoration workers whose combined efforts are making it possible for Chorm Temple to regain its strength and beauty.

Mr. Thai Yamang, architect with the APSARA National Authority, shared that Cambodian experts actively contributed to various tasks, including preparing layouts before and after restoration, identifying and collecting scattered stones, and reassembling them into the structure. To date, more than 200 stones have already been restored and reintegrated, with ongoing efforts to recover additional missing pieces.

“As a Cambodian citizen and restorer, I am very proud to contribute to the preservation of Chorm Temple, which is notable for its architectural significance,” Mr. Yamang said. “I also hope that Cambodian people and international tourists will come to visit and learn about Chorm Temple once it is officially inaugurated.”

Article by Neang Samnang
Photos by Sin Broney, Yi Sotha
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn