Saturday, August 2, 2025
Latest:

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋប្រាង្គលេខ១១ និងលេខ១២ នៅរួតទី១ ប្រាសាទប្រែរូប -APSARA National Authority restores the brick towers No.11 and No.12 at Pre Rup Temple -​ 23 July 2025

Share Post:

អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។

លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ មួយផ្នែកធំនៃជញ្ជាំងឥដ្ឋ មានស្នាមប្រះ រលុះបាក់បែក មានស្មៅដុះ និងទឹកភ្លៀងជ្រាបចូលដក់ទៅក្នុងតួប្រាសាទ ចំណែករចនាសម្ពន្ធនៃគ្រឹះប្រាសាទទាំងមូល ក៏ប្រឈមហានិភ័យដូចគ្នា។ លោកថា បច្ចុប្បន្នក្រុមការងារ បានជួសជុលពង្រឹងគ្រឹះជាមុន និងបន្ត ជួសជុលជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ ។ មកដល់បច្ចុប្បន្ន កិច្ចការងារជួសជុលពង្រឹងប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។ កិច្ចការនេះចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នាចុងខែធ្នូខាងមុខ។

ចំពោះដំណើរការជួសជុលអ្នកជំនាញបញ្ជាក់ថា មិនមានបញ្ហាប្រឈមធំដុំឡើយ ក្រុមការងារធ្លាប់មានបទពិសោធន៍ច្រើនទៅលើកិច្ចការជួសជុល ថែទាំ ដោយយកលំនាំបច្ចេកទេសជួសជុលដូចប្រាសាទឥដ្ឋផ្សេងៗទៀតក្នុងតំបន់អង្គរ និងបានអនុលោមតាមបទដ្ឋាន ដែលបានកំណត់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

ក្រុមអ្នកជំនាញកំណត់សម្គាល់ឃើញថា ប៉មព័ទ្ធជុំវិញ នៃប្រាសាទប្រែរូប មានសរុបចំនួន៣៣ ប៉ម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ចំពោះការជួសជុល អភិរក្ស និងថែទាំ ដើម្បីឱ្យប្រាសាទក្នុងរមណីយដ្ឋានអង្គរបានឈរឹងមាំ ជាមរតកសម្រាប់មនុស្សជាតិ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០២១មក អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងនៅច្រកខ្លោងទ្វារខាងកើតស្លាបខាងត្បូង និងនៅឆ្នាំ២០២៤ គម្រោងបន្តជួសជុលស្លាបខាងជើង។ កំឡុងឆ្នាំដដែល ក្រុមការងារបានជួសជុលកម្រាលថ្មបាយក្រៀមជ្រុងឦសាន រួតទី២ ។ នៅឆ្នាំ ២០២៣ បានជួសជុល កម្រាលថ្មភក់ នៅជ្រុងនិរតី រួតទី៣ ដែលជាកន្លែងសម្រាប់ភ្ញៀវទេសចរ មើលថ្ងៃលិច និងពង្រឹងប៉មលេខ១៣ផងដែរ និងបច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅប៉មលេខ១១ និងលេខ១២ នៅរួតទី១នៃប្រាសាទប្រែរូប។

សូមជម្រាបថា ប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ ដែលភាគច្រើន តួប៉មនៃឥដ្ឋបានរងការខូចខាតច្រើនជាងគេ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ស៊ិន ប្រណី

The APSARA National Authority has initiated the restoration of brick towers No.11 and No.12 at Pre Rup Temple, marking the first phase of a project aimed at reinforcing these structures. This effort follows an assessment of the towers, which revealed significant issues such as cracks in the brick walls, vegetation growth, and water infiltration that threaten the temple’s integrity.

Mr. So Pot, an archaeologist and architect involved in the restoration, reported that the foundation of the towers is being prioritized, with approximately 30 percent of the restoration work completed since it began in mid-May 2025. The project is expected to wrap up by the end of December 2025.

Experts involved in the restoration noted that there have not been any significant challenges, thanks to the team’s extensive experience and adherence to established restoration techniques used for other brick temples in the Angkor region, following standards set by ICC Angkor/Sambor Prei Kuk.

Pre Rup Temple, a significant historical site built by King Rajendravarman II in 961 AD, features a total of 33 towers. The APSARA National Authority has been actively engaged in ongoing restoration and conservation efforts to preserve this cultural heritage. Recent projects include the restoration of various parts of the temple complex since 2021, with additional repairs scheduled for 2024.

Article by Office of Communication

Photos by Sin Broney

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn