ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈមនិងហានិភ័យ ឱ្យរឹងមាំឡើងវិញ។
ប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី មានប្រសាសន៍ថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដី និងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ ត្រូវធ្វើការផ្គំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះ ដើម្បីឈានដល់ជួសជុល។
លោកបន្តទៀតថា ចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី១ នាខ្លោងទ្វារខាងជើង មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដែលទាមទារការជួសជុលពង្រឹង តភ្ជាប់ថ្មត្រង់កន្លែងបាក់បែក ដើម្បីឱ្យរឹងមាំ និងមានលំនឹងដូចដើមឡើងវិញ។ ចំណែកចម្រឹងបង្អួចនៅទីតាំង២ នាខ្លោងទ្វារខាងលិច ក៏រងការខូចខាតដោយអន្លើៗ ថ្មខ្លះបានធ្លាក់គរនៅលើដី បាក់ជាកំណាត់ៗ តម្រូវឱ្យធ្វើការព្យាបាលឡើងវិញ ដូចជា លាងសម្អាតស្លែកំណកដីលើកន្លែងដែលត្រូវព្យាបាល និងតភ្ជាប់ដោយដាក់ស្នូល ព្រមទាំងបិទកាវភ្ជាប់សាច់ថ្ម បិទបាយអបំពេញស្នាមប្រេះ នៅតាមមុខតំណការពារដើម្បីកុំឱ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញ។
ចម្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាត ដោយ សារតែអាយុកាលរាប់រយឆ្នាំ ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង និងទឹកជ្រាបចូល ដែលធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀត នៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែ រងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ក្រុមការងាជួសជុល
The APSARA National Authority has successfully restored broken window pillars at two locations in the Banteay Samre Temple, addressing critical structural issues that posed a risk of collapse.
According to Mr. Long Nary, the head of the restoration team, the initial step involved identifying the damaged window pillars that had fallen and assessing the extent of the damage, which included cracks and fragmentation. The restoration team worked diligently to reassemble the stones of these pillars.
At the north gate, the window pillars were found to be in a particularly dilapidated state, necessitating extensive repairs and reinforcement. The team focused on connecting the broken stones to restore their strength and stability. Similarly, the west gate also exhibited damage, with some stones having fallen and shattered. The restoration process included cleaning moss from the affected areas, connecting stones with cores, sealing joints, and filling cracks to prevent future water infiltration.
The deterioration of these window pillars can be attributed to their age, with hundreds of years of exposure to environmental factors such as sunlight, humidity, and rain leading to significant cracks and tear. The restoration efforts aim not only to preserve the historical integrity of the Banteay Samre Temple but also to ensure its structural safety for future generations.
Article by Chhay Phanny
Photos by the Restoration Team
Translation by Net Phirun




