Sunday, November 24, 2024
Latest:

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា-Progress on the restoration of the east causeway of Beng Mealea Temple- 13 November 2024

Share Post:

ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។

ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។
អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលផុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ការងារជួសជុលស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។

បន្ទាប់ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់ផ្ដើមផ្នែកខាងត្បូងជាបន្តទៀត៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងអ្នកស្រី បឿត សុប៉ាក

The restoration of the east causeway of Beng Mealea Temple is progressing well, with the APSARA National Authority’s team having worked on it for over three months. As of now, more than 40% of the restoration work on the north side has been completed. This includes significant repairs to the causeway’s floor, Naga balustrade, Naga body, Naga stand, beams, and pillars.

The restoration efforts began on July 20, 2024, funded by the Mekong-Lancang initiative. According to Ms. Boeut Sopak, a Technical Officer at APSARA National Authority, the initial focus was on repairing the north side of the causeway, starting from the Naga head in the east. The team has been working diligently to reinforce the collapsed foundation with new laterite and has successfully assembled the sandstone floor along with the Naga balustrade and other structural elements.

Ms. Sopak expressed satisfaction with the restoration progress, noting that the team has discovered most of the original stones from the causeway’s structure intact. For any broken or damaged sandstones, they have been repaired and reassembled in their original positions.

Once the north side restoration is fully completed, the team plans to shift their focus to the south side of the causeway to continue their work. The team’s commitment to maintaining traditional restoration practices is evident in their careful approach.

Article: Chhay Phanny 
Photos: Phouk Chea/Boeut Sopak 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn