អ្នកភូមិចំណុះជើងវត្តអធ្វាធ្វើពិធីឡើងអ្នកតា នៅដើមរដូវវស្សា-A traditional spiritual ceremony celebrated in Wat Athvea temple at the beginning of the rainy season-04 May 2022

Share Post:

អ្នកភូមិចំណុះជើងវត្តអធ្វាធ្វើពិធីឡើងអ្នកតា នៅដើមរដូវវស្សា-A traditional spiritual ceremony celebrated in Wat Athvea temple at the beginning of the rainy season-04 May 2022

Share Post:

ក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គររមែងភ្ជាប់នឹងបេតិកភណ្ឌ។ ការនេះធ្វើឱ្យបេតិកភណ្ឌអង្គរផ្សារភ្ជាប់គ្នាពុំដាច់រវាងបេតិកភណ្ឌរូបី(ប្រាសាទ) និងបេតិកភណ្ឌអរូបី(ការប្រតិបត្តិប្រពៃណី)។ នៅរៀងរាល់ឆ្នាំក្នុងថ្ងៃ៣កើត ខែពិសាខ ពោលគឺដើមខែវស្សា អ្នកភូមិចំណុះជើងវត្តអធ្វាតែងតែនាំគ្នាប្រារព្ធពិធីឡើងអ្នកតាចាស់ស្រុក ដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខចម្រើនសម្រាប់សហគមន៍ដែលពួកគេរស់នៅ ឱ្យចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃពីមនុស្សនិងសត្វ។

ទីតាំងសម្រាប់ធ្វើកិច្ចពិធីមាន៣កន្លែង គឺនៅប្រាសាទវត្តអធ្វា ទួលតាមឿង និងទួលដូនប៉ុក។ ដំបូងគេឡើងអ្នកតានៅប្រាសាទវត្តអធ្វាឱ្យគ្រប់ចំនួនទើបបន្តទៅឡើងនៅទួលដូនប៉ុក និងបញ្ចប់នៅទីទួលតាមឿងដែលជាផ្នែកមួយនៃរចនាសម្ពន្ធប្រាសាទវត្តអធ្វាវិញ។

ចំពោះរណ្តាប់នៅក្នុងពិធីឡើងអ្នកតា មានក្បាលជ្រូក មាន់ ស្រា ទឹកក្រូច នំចំណី បាយសម្ល ទៀន ធូប ផ្កាភ្ញី បាយសី និងសម្លៀកបំពាក់ជាដើម។ អ្នកតាដែលគេបញ្ចូលមានដូចជា លោកតាមហារាជ មហាជម្ពូ ស្តេចនាគខៀវ នាគស នាគក្រហម យមភូបាល។ល។ ការបញ្ចូលរូបតាមលំដាប់លំដោយ ហើយមនុស្សអាចប្រាស្រ័យជាមួយអ្នកតាបានតាមរយៈរូបស្នង ដោយសុំទឹកមន្ត និងឱ្យអ្នកតាទាំងនោះស្តោះផ្លុំជាដើម។

ក្រោយពេលបញ្ចូលរូបចប់សព្វគ្រប់ គេធ្វើកិច្ចបញ្ជូនអ្នកតាឱ្យទៅភ្នំគូលែន។ គេធ្វើជារូបកូនឡានក្រដាស់ដើម្បីសន្មតថា នេះជាយានជំនិះឱ្យអ្នកតាទាំងនោះបានជិះទៅដល់ភ្នំគូលែន ដោយមានចាក់បាយសម្លដែលសែនថ្វាយអ្នកតា ចូលទៅក្នុងឡានក្រដាសនោះ រួចសែងសំដៅទៅទិសខាងជើងឆ្ងាយពីទីតាំងពិធី ហើយទម្លាក់ចោលនៅទីនោះ ក្នុងបំណងថាអ្នកតាពិតជាបានធ្វើដំណើរទិសខាងជើងមែន។ ទំនៀមស្រដៀងគ្នានេះក៏មានប្រតិបត្តិនៅម្តុំប្រាសាទបាគងដែរ៕

អត្ថបទ: លោក អ៊ូ គង្គា
រូបភាព: លោក យី សុថា

A traditional spiritual ceremony celebrated in Wat Athvea temple at the beginning of the rainy season

The lives of the residents of Angkor are always associated with heritage. This ceremony makes the Angkorian heritage inseparable from tangible (temple) and intangible (tradition) heritage. Every year the villagers always gather and celebrate the traditional spiritual ceremony to pray for enough rain and prosperity for the community where they live to avoid diseases at the beginning of the rainy season. This demonstrates how the residents of Angkor continue to preserve their culture.

Article: Ou Kongkea
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn