អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុនJQA រួមជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងបានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមសិស្សឆ្នើម មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរមានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថាន អស់រយៈពេល៦ខែកន្លងមក (២៨.១១.២០២៥-២៨.៥.២០២៦) ដោយប្អូនៗ ក្មួយៗសិស្សានុសិស្ស បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ អនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋានពាក់ព័ន្ធ និងការងារបរិស្ថានបានល្អប្រសើរ។
ពិធីបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ រៀបចំឡើងនៅបរិវេណសាលាបឋមសិក្សាដូនឪ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក ណាំង សុខខឿន ប្រធានស្តីទី ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់។
ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ក្នុងឱកាសនោះថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ បានអនុវត្តនៅសាលាបឋមសិក្សាទាំង៣ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែឧសភា ក្នុងឆ្នាំនីមួយៗ។ កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានអប់រំកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈ និងការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។
លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA មានប្រសាសន៍ថា ស្ថាប័នធានាគុណភាពជប៉ុន JQA ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកផ្តល់ការអប់រំដល់កុមារៗ នៅតាមសាលារៀន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក បានយល់ដឹងពីការការពារថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុន JQA នៅតែបន្តការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ក្នុងសកម្មភាពអប់រំបរិស្ថាន ជាមួយសាលាបឋមសិក្សាទាំង៣នេះ ដើម្បីបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
The APSARA National Authority and the Japan Quality Assurance Organization (JQA), in collaboration with the Department of Education, Youth and Sports of Siem Reap Province, concluded the 2026 Environmental Education for Kids program and honored outstanding students from three primary schools within the Angkor area: Daun Ov Primary School, Kok Kreul Primary School, and Trapeang Svay Primary School.
Over the past six months, from November 28, 2025, to May 28, 2026, students actively participated in learning activities, practical life-skills programs, and environmental initiatives. They demonstrated strong commitment to environmental protection and community responsibility throughout the program.
The closing ceremony was held on the morning of May 28, 2026, at Daun Ov Primary School. The event was attended by H.E. Mr. Sok Leakhena, representing H.E. Dr. Hang Peou, Director General of the APSARA National Authority; Ms. Morishima, representative of JQA; Mr. Naing Sokkhoeun, Acting Director of the Primary Education Office of the Provincial Department of Education, Youth and Sports; teachers; and approximately 400 students.
Speaking at the ceremony, H.E. Mr. Sok Leakhena stated that the Environmental Education for Kids program has been implemented annually in the three primary schools for at least six months, from November to May. He emphasized that the program plays an important role in educating hundreds of children each year about environmental impacts and encouraging them to reduce plastic use, avoid littering in public spaces, and recycle plastic waste for reuse.
Ms. Morishima expressed JQA’s pleasure in contributing to environmental education for children in schools located within the Angkor area, a UNESCO World Heritage Site. She added that JQA will continue working closely with the APSARA National Authority and related institutions to promote environmental education activities in the three schools. The program aims to nurture children with basic life skills, environmental awareness, and a strong sense of responsibility to love, care for, and protect both cultural heritage and natural resources, contributing to a healthy and harmonious society where culture and a clean environment coexist.
Article by: Office of Communication
Photos by: Hap Kim An
Translation by: Net Phirun




