Tuesday, February 24, 2026
Latest:

អាជ្ញាធរជាតិអប្សរា ជួសជុលផែបុរាណនៅលើទំនប់ខាងលិចរបស់បារាយណ៍យសោធរតដាក-APSARA National Authority Restores the Ancient Dike on the Western Embankment of the East Baray -​ 23 February 2026

Share Post:

អាជ្ញាធរជាតិអប្សរា ចំណាយពេល៦ខែ ដើម្បីជួសជុលផែ ឬកំពង់ទឹកបុរាណ ដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឬបារាយណ៍ខាងកើត ក្នុងគោលបំណងពង្រឹងផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា គម្រោងជួសជុលផែ ឬកំពង់ទឹកបុរាណនៅលើទំនប់បារាយណ៍យសោធរតដាក ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ពន្ធសំណង់បុរាណនៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ពន្ធ និងសិក្សាពីស្ថានភាពនៃការខូចខាតដើម្បីវាយតម្លៃនៃវិធីសាស្រ្តជួសជុល។

កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ផែ ឬកំពង់ទឹកនៅបារាយណ៍យសោធរតដាក មានចំនួន២ថ្នាក់ គឺថ្នាក់ទី១សាងសង់ពីថ្មបាយក្រៀម និងថ្នាក់ទី២សាងសង់ពីថ្មភក់ មានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ដំណាក់កាលទី១ គឺជួសជុលនៅថ្នាក់ទី១ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ចំពោះរចនាសម្ពន្ធខឿនដែលមានការខូចខាតធ្ងន់ធ្ងរ ក្រុមការងារត្រូវសិក្សារកកម្ពស់ដើម ហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅផ្នែកពុកផុយ ឬបាត់បង់ដើម្បីពង្រឹងរចនាសម្ពន្ធផែនេះ បានរឹងមាំឡើងវិញ៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី

The APSARA National Authority has completed six months of restoration work on the Ancient Dike located along the western embankment of the East Baray. The project aims to strengthen the deteriorated structure and enhance the historical value of this significant archaeological site.

Mr. An Sopheap, archaeologist of APSARA National Authority, stated that the restoration forms part of a broader initiative to conserve and improve ancient structures along the road from the Victory Gate to the Ancient Dike. Prior to commencing restoration, APSARA’s archaeological team conducted comprehensive excavations to study the original construction and assess the extent of damage, ensuring that appropriate conservation techniques were applied.

According to Ms. Doy Pichjira, engineer of APSARA National Authority, the Ancient Dike comprises two levels: the lower level constructed of laterite and the upper level of sandstone, measuring 50 meters in length and 40 meters in width. The initial phase of restoration focuses on the first level—a laterite platform with three steps measuring 12 meters in length and 9 meters in width. Due to significant structural deterioration, the team carefully determined the original height of the dike, replaced decayed stone blocks, and inserted new laterite where necessary to reinforce and stabilize the structure.

Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn