នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។
ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។
យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។
លោក ឃី សុខ ដែលមកទស្សនាតំបន់អង្គរ ម្នាក់ទៀត ក៏មានអារម្មណ៍រំភើបនៅពេលឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ មកលេងអង្គរនៅថ្ងៃ ឈប់សម្រាករយៈពេល៣ថ្ងៃនេះដែរ។ ដោយសារតែរយៈនៃថ្ងៃបុណ្យប្រពៃជាតិ នេះមានមនុស្សជាច្រើន បើកបរយានយន្តគ្រប់ប្រភេទ ចូលទៅទស្សនាតំបន់អង្គរ គឺលោក ឃី សុខ ក៏សូមឱ្យអ្នកដែលមកទស្សនាអង្គរទាំងអស់ ត្រូវចេះយោគយល់និងអធ្យាស្រ័យដល់គ្នា ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ឬដើរប្រជ្រៀតគ្នានៅតាមចំណុចឬទីតាំងណាដែលមានមនុស្សកកកុញខ្លាំង។
ចំណែកលោកយាយ ផុន រ៉េត អាយុ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្តាល ប្រសាសន៍ថាគាត់ ធ្លាប់បានមកទស្សនាអង្គរចំនួនបួនលើកមកហើយ។ លោកយាយបន្ថែមថា ពេលមកទស្សនាអង្គរលើកនេះ ឃើញថាទេសភាពវាលស្មៅ ព្រៃឈើ ព្រមទាំងផ្លូវដើរថ្មើជើងកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ ស្រួលធ្វើដំណើរទស្សនាជាងមុន ដោយអាជ្ញាធរជាតិអប្សរាមានការរៀបចំកែលំអ បានយ៉ាងល្អ។ លោកយាយ បញ្ជាក់ទៀតថា នេះជាលើកទី១ការដែលមកទស្សនាអង្គរចំពេលថ្ងៃបុណ្យមានមនុស្សច្រើនកុះករ ធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយប្លែកខុសពីពេលមុនៗ។ លោកយាយ ក៏បានស្នើសុំឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមកទស្សនាអង្គរក្នុងពិធីបុណ្យឆ្នាំនេះ ជួយថែរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការៈ។
គ្រូបង្រៀនម្នាក់ទៀត ដែលមកពីសាលាប៊ែលធី នៃរាជធានីភ្នំពេញ បានប្រាប់ថាគាត់ទើបតែបានមកឃើញអង្គរវត្តជាលើកដំបូងនៃជីវិត។ លោកបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរព្រមទាំងស្ញប់ស្ញែងជាងខ្លាំង នៅពេលឃើញប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ព្រមទាំងនៅតំបន់អង្គរមានបរិស្ថានស្រស់ស្អាត ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទេសចររូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្តាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវ ក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរនៃយើង៕
អត្ថបទ: យី សុថា
រូបភាព: ហាប់ គឹម អាន
On November 5, 2025, the second day of the Water Festival, tens of thousands of national and international tourists flocked to the Angkor site. The atmosphere resembled a joyful gathering of the Khmer family on this sacred land, with many visitors experiencing Angkor for the first time in their lives.
A young man from Kampong Speu province, visiting Angkor for the first time, expressed his excitement upon seeing the magnificent ancient temples surrounded by lush grasslands and greenery.
Another visitor, Mr. Khy Sok, shared his delight at witnessing tourists from all over the world—especially the tens of thousands of Cambodians—coming to Angkor during the three-day holiday. As many people travel by various means to the site, he also urged visitors to be patient and considerate of one another, and to take care of their belongings while walking through crowded areas.
Mrs. Phon Reth, 74, from Kandal province, said this was her fourth visit to Angkor. She noted that the scenery—its grasslands, forests, and walking paths—looked more beautiful and well-organized than before, thanks to the improvements made by the APSARA National Authority. She added that this was the first time she had visited Angkor during a national holiday with such large crowds, which made her feel even happier than on previous visits. She also reminded all Cambodian visitors to help maintain good order and respect, as the temples are sacred places.
A teacher from BELTEI School in Phnom Penh, visiting Angkor Wat for the first time, expressed his joy and admiration for the site’s grandeur and natural beauty. Deeply moved by the ancient architecture, he said Angkor truly deserves its status as a UNESCO World Heritage Site. He called on all Cambodians and visitors to help protect the environment, dispose of garbage properly, and contribute to preserving and enhancing the value of the Angkor site.
Article by Yi Sotha
Photos by Hap Kim An
Translation by Net Phirun




