ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ-APSARA National Authority restoring and strengthening the eastern causeway of Beng Mealea Temple -​ 15 March 2025

Share Post:

ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេល១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។ អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ស្របតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក្រុមការងារប្រើថ្មបាយក្រៀមជំនួសដីដែលចាស់បុរាណបានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។

ការងារជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា បានបែងចែកក្រុមការងារជា៤ផ្នែក គឺផ្នែកទី១ រៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ជួសជុលថ្មកម្រាល និងផ្នែកទី៤ ជួសជុលប៉ះនិងតថ្ម។ គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក្រៅពីថែរក្សាអភិរក្សមរតកដូនតាខ្មែរ ក៏បានផ្តល់ឱកាសការងារដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនរស់នៅជុំវិញប្រាសាទនេះ ឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរ ឱ្យគង់វង្សបានយូរទៅថ្ងៃអនាគតផង។

ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥៕

អត្ថបទ: លោក យី សុថា
រូបភាព: ក្រុមការងារជួសជុល

The APSARA National Authority is currently engaged in a significant restoration project aimed at revitalizing the eastern causeway of Beng Mealea Temple, which had suffered considerable damage. This endeavor has been ongoing for approximately ten months and is being funded by the Mekong-Lancang Special Cooperation Fund.

According to Ms. Boeut Sopak, an engineer with the APSARA National Authority, the restoration team has successfully repaired various structural elements of the causeway, including pillars, beams, Naga balustrades, and Naga heads on both sides. They have also addressed a substantial portion of the collapsed causeway floor. Currently, efforts are focused on installing Naga heads on the southern side and repairing the damaged stones of the causeway.

In alignment with recommendations from ICC-Angkor experts, the restoration team is replacing eroded soil with laterite, a material believed to enhance the stability and longevity of the structure, particularly in areas affected by water runoff.

The restoration project is organized into four main phases:

  1. Preparing the floor and installing Naga balustrades.
  2. Repairing the laterite stone of the causeway.
  3. Restoring the floor stones.
  4. Repairing coping and stonework.

Beyond preserving this vital piece of Khmer heritage, the project has also provided employment opportunities for local residents, fostering a sense of community involvement in heritage preservation.

The restoration work on the eastern causeway began on July 20, 2024, and is projected to be completed by August 2025.

Article by Yi Sotha 
Photos by the Restoration team 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn