កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់មកកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង។
លោកឈុន ឈឿន ប្រជាការពារក្នុងភូមិបឹង បានឱ្យដឹងថា លោកសូមគាំទ្រ និងចូលរួមជួយគ្រប់សកម្មភាពដែលអាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការសម្អាតព្រៃ និងស្តារកសិន្ធុទឹក នៅទីតាំងបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គនេះ។ លោកថា កាលដើមឡើយធ្លាប់បានឭការដំណាលរបស់ឪពុកម្តាយ អំពីទីទួលប្រាសាទនេះនៅមានរូបរាងខ្លះៗ ប៉ុន្តែជាបន្តបន្ទាប់មក បានរងការខូចខាតទ្រុឌទ្រោមស្ទើរតែបាត់បង់រូបរាងអស់ជាច្រើនឆ្នាំមកហើយ ដោយកត្តាផ្សេងៗជាច្រើន។ ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកឈុន ឈឿន ពិតជាសប្បាយរីករាយណាស់នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា គិតគូរខ្ពស់ទៅលើទីទួលបុរាណដ្ឋាន ដោយបានមកសម្អាត កាប់ឆ្ការព្រៃ ដែលដុះស៊ុបត្រុប និងបានកាយយកអាចម៍ដីដែលប្រជាពលរដ្ឋចាក់លុបទៅលើកសិន្ធុ ព្រមទំាងការស្តារកសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារអភិក្សទីទួលបុរាណរបស់ពលរដ្ឋគោរពបូជាចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក។ ក្រោយពេលស្តារកសិន្ធុទឹក និងសម្អាតបានស្អាតហើយនោះ លោកឈុន ឈឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ សូមចូលរួមថែរក្សា ដោយមិនត្រូវយកសំរាមមកចាក់ចោល នៅទីទួលបុរាណនេះតទៅទៀតឡើយ។
ចំណែកលោក ចេង ណេរ៉ូស ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកជាយូរឆ្នាំ និងមានលំនៅឋានបច្ចុប្បន្នក្បែរទីទួលបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ បានឱ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្សនៅលើទីតាំងបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ ដើម្បីទុកជាកេរដំណែលឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ទីតាំងបុរាណដ្ឋានមួយនេះ។ លោកបន្តថា ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូបសូមធ្វើការគាំទ្រចំពោះការងារនេះ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក ក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះមកកាន់ទួលប្រាសាទគោកបល្ល័ង្គ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ បានរាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ ក្រុមការងារដែលមានសមាជិកជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបត្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណ កាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ព្រមទាំងបានស្តារកសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារអភិរក្ស ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកជា វណ្ណ: និងលោក ហាប់ គឹមអាន
Share:
Our Latest News

វឌ្ឍនភាពនៃដំណើរការជួសជុលនៅផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង- Progress of restoration work on some parts of Phnom Bakheng Temple- 16 May 2025
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។