Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត-APSARA National Authority Launches Restoration of the North Library on Angkor Wat’s Second Level -​ 22 January 2026

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។

អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន ដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យនេះឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើមឡើងវិញ បិទបាយអការពារជម្រាបទឹកចូលទៅក្នុងគ្រឹះបន្តទៀត។ ស្របជាមួយគ្នានេះដែរ ក្រុមការងារអភិរក្សថ្ម ក៏បានប្រើបច្ចេកទេសជួសជុលពង្រឹងផ្នែកថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ រួមមាន សសរ ជញ្ជាំង មេទ្វារ និងរូបអប្សរាមួយចំនួន។

បច្ចុប្បន្ននេះ ដំណើរការជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្តសម្រេចបានប្រមាណ៦០ភាគរយហើយ ដែលបានចាប់ផ្ដើមឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,យី សុថា,ម៉ៅ សុខនី

A restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority has begun a four-month project to restore the deteriorated north library on the second level of Angkor Wat.

Mr. Mao Sokny, a technical officer from the department, explained that the structure has suffered damage in several areas. The foundation stones have deteriorated, some blocks have shifted from their original positions, and several roof stones have collapsed.

He added that the restoration work includes replacing missing foundation stones to ensure structural stability, repositioning fallen roof stones to their original locations, and sealing the foundation with waterproof mortar. In addition, the stone conservation team is applying specialized repair techniques to reinforce decayed elements such as pillars, walls, doorframes, and several Apsara bas-reliefs.

The restoration project, which began in November 2025, is currently about 60 percent complete and is scheduled for completion in February 2026.

Article by: Chhay Phanny
Photos by: Sin Broney, Yi Sotha, Mao Sokny
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn