Thursday, June 4, 2026
Latest:

អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើងមាឃ (ឡើងអ្នកតា) តាមទំនៀម-Angkor Residents Hold Lerng Meak or Lerng Neak Ta Ceremony -​ 22 January 2026

Share Post:

​រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។

ក្រុមការងារផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាព និងវីដេអូ នៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធីនេះនៅទួលអ្នកតាគង់។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ។ ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះ​នៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។

គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។

សូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរ​តែងធ្វើជាទៀងទាត់​នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក​ សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, សុិន ប្រណី និងសឿន ប៊ុនស៊រ

On January 21, 2026, residents of the Angkor region held the Lerng Meak, also known as the Lerng Neak Ta ceremony—an ancient traditional ritual passed down through generations. The ceremony is conducted at spirit houses within villages, temples, community halls, or shrines in each locality.

A working team from the APSARA National Authority documented the event by collecting information, photographs, and videos at Nokor Krao Village, Angkor Wat Temple, and Wat Athvea Temple. In Nokor Krao Village, residents organized the ceremony at an ancient mound. At Angkor Wat Temple, it was held in the area in front of Ta Reach. Meanwhile, at Wat Athvea Temple, villagers conducted the ceremony at three different locations: first at the temple itself, second at Tuol Daun Pok (an ancient mound), and third at Tuol Tameung (another ancient mound).

Offerings presented during the ceremony vary in size depending on each community’s customs. These offerings typically include items that must not be discarded, such as pig heads, chickens, noodles, cigarettes, wine, candles, incense, rice, religious offerings, food, sweets, and drinks.

The Lerng Meak or Lerng Neak Ta ceremony has a long-standing history among Angkor residents and is traditionally held after the harvest season, symbolizing the end of the agricultural cycle. During the ritual, villagers pay respect to their ancestors, seek blessings for good health, protection from disease, and pray for sufficient rainfall in the upcoming agricultural season.

Article by Neang Samnang
Photos by Hap Kim An, Sin Broney, and Soeun Bunsor
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn