ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។
បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។
លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។
រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។
ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។
បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ យី សុថា
A restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority found more than 100 pieces of sandstone Buddha statues in the grounds while excavating at Ta Prohm Temple recently.
The pieces include the statues of Buddha Sheltered by a Naga, the statues of Avalokiteśvara, and the other fragments of the statues.
Archaeologist Neth Simon said that initially, the team went to clean up the pile of soil on the south side of the laterite wall of the third enclosure of Ta Prohm Temple to prepare a list of scattered stone fragments, and the image for the overall layout of the temple in order because there are a lot of stones scattered there. During the clean-up, the team also found several statue fragments there.
Ms. Simon added that because the team found fragments buried in the ground 10 to 15 cm deep, they decided to ask for advice from the upper level to dig a pit to search for more underground. When digging a little deeper, more and more statue fragments were found, totaling more than 100 pieces.
Until now the team is not sure if there are more statues in the deeper grounds. Currently, the team is taking many pieces of statues that were found to number and measure the size temporarily.
Archaeologists have speculated that the fragments were found in the Bayon style. Some of the fragments were about half a meter high and 40 to 50 centimeters in width.
Article: Chhay Phanny
Photos: Phouk Chea / Yi Sotha
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។