Thursday, November 12, 2026
Latest:

ប្រាង្គឥដ្ឋលេខ១៣ នៅលើភ្នំបាខែង បានបញ្ចប់ការជួសជុលដោយជោគជ័យ-Successful Restoration of Brick Temple G13 on Phnom Bakheng -12 November 2026

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលពង្រឹងប្រាង្គប្រាសាទឥដ្ឋលេខ១៣ ដែលនៅលើភ្នំបាខែង ជាស្ថាពរហើយ។
ការជួសជុលយ៉ាងយកចិត្តទុកដាក់តាមបច្ចេកទេសនេះ បានឆ្លើយតបទៅនឹងការរក្សាបាននូវតម្លៃបេតិកភណ្ឌឱ្យរឹងមាំឡើងវិញ។

អ្នកស្រី ឈុន រតនា មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលប្រាង្គឥដ្ឋលេខ១៣ បានបែងចែកជាពីរដំណាក់កាលធំៗដូចជា៖ ដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើការជួសជុល និងពង្រឹងគ្រឹះខឿនថ្មបាយក្រៀម និងតួប្រាសាទផ្នែកខាងក្រោម។ អ្នកជំនាញបានរកឃើញថា ខឿនរបស់ប្រាសាទនេះមានថ្មបាយក្រៀមចំនួន ៦ស្រទាប់ និងកម្រាលថ្មភក់ចំនួន ១ស្រទាប់ទៀត ដែលជាបង្អែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់តួប្រាសាទ។ ចំណែកដំណាក់កាលទីពីរ ក្រុមការងារបានជួសជុលបន្ត ចាប់ពីរួតទីពីរ រហូតទៅដល់រួតកំពូល ដែលមានកម្ពស់ប្រមាណ ៦ម៉ែត្រ។ ការងារជួសជុលនេះ ក្រុមអ្នកជំនាញបានផ្តោតលើការសម្អាតដី កម្ចាត់កណ្តៀរ សត្វល្អិត ដកឫសឈើ និងកូនរុក្ខជាតិដែលចាក់ចូលជ្រៅទៅក្នុងរចនាសម្ព័ន្ធរបស់ប្រាសាទ ដែលបង្កឱ្យមានបញ្ហាជម្រាបទឹក ព្រមទាំងធ្វើឱ្យឥដ្ឋពុកផុយ ហែកញែកចេញពីគ្នាជាដើម។

អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា គោលការណ៍គ្រឹះនៃការជួសជុលប្រាសាទឥដ្ឋលេខ១៣ គឺថែរក្សាទម្រង់ និងរចនាសម្ព័ន្ធដើម ដោយមិនបន្ថែមរចនាសម្ព័ន្ធថ្មីទេ។ កន្លងមក ប្រាង្គឥដ្ឋលេខ១៣ មានការទ្រុឌទ្រោមខ្លាំង ដោយមិនអាចឈរខ្លួនឯងបានទេ។ ក្រុមអ្នកអភិរក្សបានព្យាយាមជួយសង្គ្រោះប្រាសាទនេះ ដោយយកឈើទៅជួយទល់ទ្រ ព្រមទាំងរុំព័ទ្ធខ្សែកាបជុំវិញតាំងពីក្រោមរហូតដល់ទៅកំពូល។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រាង្គឥដ្ឋលេខ១៣ មិនត្រឹមតែអាចឈររឹងមាំបានឡើងវិញប៉ុណ្ណោះទេ គឺថែមទាំងមានសោភ័ណភាពស្រស់ស្អាតជាងមុនផង។

ប្រាង្គឥដ្ឋលេខ១៣ គឺជាប្រាសាទដែលនៅមានសល់តួរាងល្អជាងគេចាប់តាំងពីខឿនរហូតដល់កំពូល ក្នុងចំណោមប្រាង្គប្រាសាទឥដ្ឋចំនួន ៤៤ ដែលស្ថិតនៅជុំវិញភ្នំបាខែង។ការជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ១៣ ឡើងវិញ មិនត្រឹមតែជួយសង្គ្រោះប្រាសាទពីការដួលរលំប៉ុណ្ណោះទេ វាក៏ជួយលើកកម្ពស់សោភ័ណភាព និងតម្លៃស្នាដៃសិល្បៈដូនតាខ្មែរ ដើម្បីឱ្យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាទិដ្ឋភាពថ្ងៃលិចនៅលើភ្នំបាខែង បានឃើញនូវសំណង់បុរាណដ៏រឹងមាំ និងរស់រវើកឡើងវិញដែរ៕

អត្ថបទ​៖ យី សុថា
រូបភាព​៖ ស៊ិន ប្រណី

The restoration and reinforcement of Brick Temple G13, located on Phnom Bakheng, have been successfully completed by the team of experts from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority.

The meticulous restoration work, carried out in accordance with technical standards, has helped strengthen the ancient structure while preserving its original heritage value.

Ms. Chhun Ratana, an expert from the Department of Conservation of Monuments and Preventive Archaeology, explained that the restoration project was divided into two major phases.

The first phase focused on restoring and reinforcing the laterite foundation and the lower section of the temple structure. Experts discovered that the temple’s foundation consisted of six layers of laterite stones and one additional layer of sandstone flooring, which play a crucial role in supporting the structure.

The second phase involved continuing the restoration work from the second tier up to the top of the tower, reaching approximately six meters in height. During this phase, the experts focused on removing accumulated soil, termites and other insects, as well as tree roots and young plants that had penetrated deep into the temple’s structure. These factors had caused water infiltration, brick deterioration and separation between the bricks.

Ms. Chhun Ratana further emphasized that the fundamental principle guiding the restoration of Brick Temple G13 was to preserve its original form and structural integrity without adding any new structural elements.

Previously, the tower had deteriorated severely and could no longer stand independently. To prevent its collapse, conservation experts had installed wooden supports and secured the structure with steel cables wrapped around it from the base to the top. Today, following the restoration, Brick Temple G13 has not only regained its structural stability but also regained much of its former beauty.

Brick Temple G13 is the best-preserved brick tower among the 44 brick towers located around Phnom Bakheng, retaining its overall form from the foundation to the top.

The restoration and reinforcement of this tower have not only rescued it from the risk of collapse but also enhanced its appearance and highlighted the artistic and architectural value of Khmer ancestral heritage. This will allow both national and international visitors who come to enjoy the sunset from Phnom Bakheng to appreciate the ancient monument in its renewed and stable condition.

Article by Yi Sotha
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn