Tuesday, November 10, 2026
Latest:

គ្រឿងបរិក្ខារព្រះសង្ឃតាមព្រះវិន័យ បានដាក់តាំងបង្ហាញនៅសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ- Buddhist Monks’ Requisites Displayed at Preah Norodom Sihanouk-Angkor Museum-27 October 2026

Share Post:

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ និងតម្កល់ឯកសារ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំដាក់តាំងបង្ហាញអំពីគ្រឿងបរិក្ខាររបស់ព្រះសង្ឃ ដែលប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ តាមពុទ្ធប្បញ្ញត្តិ ក្នុងព្រះវិន័យបិដក អំពីអដ្ឋបរិក្ខារ គឺគ្រឿងប្រើប្រាស់ទាំង៨យ៉ាង ដែលភិក្ខុគ្រប់ព្រះអង្គត្រូវតែមាន និងរក្សាទុកឱ្យបានគ្រប់គ្រាន់ ក្នុងការប្រតិបត្តិធម៌ប្រចាំថ្ងៃ។

លោក វង្ស សាវុទ្ធី អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបង្ហាញថា គ្រឿងបរិក្ខារសំខាន់ៗរបស់ព្រះសង្ឃដែលដាក់តាំងបង្ហាញនេះ មានអដ្ឋបរិក្ខារទាំង៨យ៉ាងតាមពុទ្ធប្បញ្ញត្តិ និងបរិក្ខារចោឡៈ ឬបរិក្ខាររាយរង ដែលជាបរិក្ខារចាំបាច់ផ្សេងទៀត សម្រួលដល់ការគង់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ។ អដ្ឋបរិក្ខារទាំង៨យ៉ាងនោះមានដូចជា៖ សង្ឃាដី ចីវរ ឬឧត្តរាសង្គ ស្បង់ ឬអន្តរវាសកៈ បាត្រ កាំបិតកោររួមបញ្ចូលទាំងស្រោម និងថ្មសំលៀង ម្ជុលរួមបញ្ចូលទាំងអំបោះ និងបំពង់ម្ជុល កាយពន្ធន ឬវត្ថពន្ធចង្កេះ និងធម្មក្រក(តម្រងទឹក)។ នៅមានបរិក្ខារចោឡៈ ឬបរិក្ខាររាយរងរួមមានដូចជា៖ សាដក ឬសំពត់ងូត វត្ថពន្ធទ្រូង ឬឧរពន្ធន ថង់ អង្ស័ក ផ្លិត មុងធុតង្គ ឆត្រ ឧបាហន(ស្បែកជើង)ជាដើម បរិក្ខាររាយរងនេះមានក៏បានអត់ក៏បាន ព្រោះពុំមានក្នុងពុទ្ធប្បញ្ញត្តិនោះទេ។ លោកក៏បញ្ជាក់ឡើងវិញដែរថា គោលបំណងនៃការស្រាវជ្រាវនឹងតាំងបង្ហាញនេះគឺដើម្បីឲ្យសិស្សនិស្សិត និងសាធារណជនបានស្គាល់ និងស្វែងយល់អំពីសង្ឃបរិក្ខារ ដែលមានលក្ខណៈត្រឹមត្រូវតាមព្រះវិន័យ ព្រោះថាគ្រឿងបរិក្ខារខ្លះ មានតែក្នុងព្រះវិន័យទេ ពុំមានប្រើប្រាស់ទៀតឡើយ ដោយសារបរិបទគង់នៅរបស់ព្រះសង្ឃសព្វថ្ងៃ សម្បូរបែបផង។

លោក ភួយ សាវឿត អនុប្រធានការិយាល័យសារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ក៏បានលើកឡើងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែយកចិត្តទុកដាក់ថែរក្សាអភិរក្ស បុរាណវត្ថុ និងរៀបចំតាំងពិព័រណ៍បង្ហាញរាល់សមិទ្ធផលប្រវត្តិសាស្ត្រនានា ដែលទទួលបានពីការសិក្សាកំណាយស្រាវជ្រាវ ក្នុងគោលបំណងចង់បង្ហាញដល់សាធារណជនទូទៅ មកសិក្សាស្វែងយល់។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកជូនសាធារណជនទូទៅចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង៤:០០នាទីល្ងាច។

អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ ហាប់ គឹមអាន

On the morning of October 23, 2026, the research team from the Office of Research and Documentation, under the Department of Research, Training and Communication, organized an exhibition on Buddhist monks’ requisites at the Preah Norodom Sihanouk-Angkor Museum. The exhibition features essential daily-use items prescribed by Buddhist monastic discipline in the Vinaya Piṭaka, particularly the Aṭṭha Parikkhāra, or the Eight Requisites, which monks are required to possess and maintain for their daily religious practice.

Mr. Vong Savuthy, a researcher at the Department of Research, Training and Communication, explained that the exhibition presents the Eight Requisites prescribed by Buddhist teachings, along with additional items known as Cūḷa Parikkhāra, or supplementary requisites, which facilitate monks’ daily lives.

The Eight Requisites comprise the saṅghāṭi (outer robe), cīvara or uttarāsaṅga (upper robe), antaravāsaka (lower robe), alms bowl, razor with its case and sharpening stone, needle with thread and needle tube, waist belt, and water strainer.

The supplementary requisites include a bathing cloth, chest cloth, bag, shoulder bag, fan, mosquito net for ascetic practice, umbrella, and footwear, among other items. These supplementary items are optional, as they are not explicitly prescribed among the Eight Requisites in the Buddhist monastic discipline.

Mr. Vong Savuthy further emphasized that the research and exhibition aim to help students, university scholars, and the general public become familiar with and better understand the requisites prescribed by monastic discipline. Some of these traditional items are now rarely used, as the living conditions of Buddhist monks have changed and become more varied in contemporary society.

Mr. Phuy Savoeut, Deputy Head of the Museum and Heritage Standards Office, noted that the Preah Norodom Sihanouk-Angkor Museum places great importance on the preservation and conservation of archaeological objects. The museum also organizes exhibitions showcasing historical discoveries and achievements resulting from archaeological excavations and research, with the aim of providing the public with opportunities to study and learn about the past.

The Preah Norodom Sihanouk-Angkor Museum is located in Boeung Don Pa Village, Sangkat Sla Kram, Siem Reap City, Siem Reap Province. It is open to the public from Tuesday to Sunday, from 8:30 a.m. to 4:00 p.m.

Article by Sengli Silya
Photos by Hab Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn