កាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធកិច្ចពិធី «ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅនាប្រាង្គកណ្ដាលនៃប្រាសាទវត្តអធ្វា ដែលជាកិច្ចពិធីដ៏វិសេសវិសាលមួយក្នុងជំនឿបែបបុរាណរបស់សហគមន៍អ្នកស្រុកអង្គរ។
ពិធីដែលប្រារព្ធឡើងនៅថ្ងៃ៣កើត ខែពិសាខនេះ គឺជាមត៌កអរូបីដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ បើតាមទំនៀមទម្លាប់ ពិធីនេះមានអត្ថន័យសំខាន់ៗដូចជា៖
- ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ «បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។
- ការសុំសេចក្តីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។
- ការអភិរក្សមត៌កអរូបីក្នុងតំបន់អង្គរ៖ ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ។
ក្នុងកិច្ចការអភិរក្សនេះ អាជ្ញាធរជាតិអប្សរា តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានមានលទ្ធភាពបន្តថែរក្សាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា «ព្រលឹង» នៃរមណីយដ្ឋានអង្គរ ឱ្យនៅបន្តមានជីវិតជានិរន្តរ៍។ បេតិកភណ្ឌអរូបី គឺជាអត្តសញ្ញាណ និងជាដង្ហើមនៃសហគមន៍យើង!
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា
Villagers gathered at Wat Athvea Temple to celebrate a traditional spiritual ceremony, highlighting the inseparable connection between Angkor’s tangible heritage—its temples—and intangible heritage—its living traditions.
Held annually at the beginning of the rainy season, the ceremony brings villagers together to pray for sufficient rainfall, good health, and prosperity for their community. It also reflects a deep-rooted belief system aimed at protecting the community from diseases and ensuring harmony with nature.
This year’s ceremony took place on Sunday, April 19, 2026, at the central shrine of Wat Athvea Temple. The event demonstrated the continued practice of ancient traditions that remain closely intertwined with the daily lives of Angkor residents.
These rituals play an important role in preserving the intangible cultural heritage of the Angkor site. Over the years, the APSARA National Authority has actively supported such traditions by contributing resources and participating in efforts to protect and conserve both tangible and intangible heritage.
Article by the Office of Communication
Photos by Phouk Chea
Translation by Net Phirun




