Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលផ្នែកកំពូលប្រាសាទបក្សីចាំក្រុង-Experts APSARA National Authority has begun restoration work on the upper section of Baksei Chamkrong Temple -​ 13 February 2026

Share Post:

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ពន្ធកំពូលដំបូល និងពង្រឹងជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ប្រាសាទបក្សីចាំក្រុង ដែលប្រឈមហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា មន្ត្រីរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពកំពូលដំបូលរបស់ប្រាសាទបក្សីចាំក្រុង បានរងខូចខាតយ៉ាងខ្លាំង បណ្តាលមកពីទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យឥដ្ឋមួយចំនួនពុកផុយ រលុះធ្លាក់មកក្រោម។ ចំណែកឯ ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏មានស្នាមប្រេះហែក ជ្រាបទឹក និងអាចបង្កឱ្យមានហានិភ័យដល់សំណង់ទៀតផង។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាយល់ថា ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធរបស់ប្រាសាទបក្សីចាំក្រុង ឱ្យរឹងមាំឡើងវិញ ក្រុមការងារត្រូវរើឥដ្ឋដែលពុកផុយ ឬឥដ្ឋដែលអាចបង្កគ្រោះថ្នាក់ចេញ ហើយដាក់បំពេញឥដ្ឋថ្មីមួយចំនួនមកជំនួសវិញ នៅផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងពង្រឹង បិទបាយអបំពេញស្នាមប្រេះហែក ការពារជម្រាបទឹកកន្លែងមួយចំនួនសម្រាប់ភាពរឹងមាំយូរអង្វែង ដោយប្រើលក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ។

កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ដោយមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍នៅដំណាក់កាលដំបូង ឱ្យក្រុមការងារអភិរក្ស នឹងទល់ទ្រជាបន្ទាន់ ចំពោះរចនាសម្ពន្ធផ្នែកកំពូលដំបូល ជញ្ជាំងផ្នែកខាងក្នុង និងក្រៅ នៃប្រាសាទបក្សីចាំក្រុងនេះជាបណ្តោះអាសន្ន ហើយនៅដំណាក់កាលបន្ទាប់ គឺក្រុមការងារនឹងចាប់ផ្ដើមជួសជុលពង្រឹងរចនាសម្ពន្ធទាំងនោះឱ្យរឹងមាំឡើងវិញ៕

អត្ថបទ៖ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី,ក្រុមការងារជួសជុល

The Department of Conservation of Monuments and Preventive Archaeology is currently reinforcing both the interior and exterior walls of the temple’s upper structure, which has been identified as being at high risk.

Ms. Chhun Ratana explained that the upper section has suffered severe damage due to rainwater infiltration. Prolonged exposure to moisture has caused bricks to deteriorate and fall, while cracks and water leakage in both the interior and exterior walls have further weakened the structure.

To restore the temple’s stability and ensure long-term preservation, the conservation team will carefully remove decayed or unstable bricks and replace them with new ones, following proper technical standards. The work also includes reinforcing weakened areas, filling cracks, preventing further water leakage, and installing additional structural supports where necessary.

In October 2025, following careful review by the leadership of the APSARA National Authority, it was decided in principle to implement the project in phases. The first phase focuses on urgent conservation and structural reinforcement of the upper section and surrounding walls. The subsequent phase will involve more comprehensive restoration and strengthening efforts.

Article by Chhay Phanny
Photos by Chhun Ratana / Yi Sotha / Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn