Monday, August 17, 2026
Latest:

អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង -World Monuments Fund Continues Phnom Bakheng Temple Restoration Project -​ 14 January 2026

Share Post:

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។

លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F (ជាន់ក្រោម) និងរហូតដល់អក្សរ C ដែលជាជាន់ទីបួន។ នេះជាដំណាក់កាលទី៣ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ខណៈដែលអង្គការ WMF បានចូលខ្លួនចូលរួមអភិរក្សប្រាសាទនេះតាំងពីឆ្នាំ២០០៤មក។ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៧ WMF បានចូលមកសិក្សាស្រាវជ្រាវ និងធ្វើគម្រោងជួសជុលសាកល្បង នៅជាន់F ជ្រុងខាងត្បូងឈៀងខាងលិច។ ដំណាក់កាលទី២ ពីឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០១៩ ដោយបានជួសជុលចាប់ពីពាក់កណ្តាលជណ្តើរខាងជើង និងខាងត្បូងទៅជ្រុងខាងកើត ហើយក្នុង គម្រោងនោះ ក៏បានធ្វើកំណាយ រួមនឹងការអភិរក្សមួយចំនួនផង។ រីឯដំណាក់កាលទី៣ ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៩។

តាមការបញ្ជាក់ពីអ្នកជំនាញ មកដល់បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។

ចំពោះស្ថានភាពការខូចខាតនៅជ្រុងខាងលិច អ្នកជំនាញពន្យល់ថា មានការស្រុតគ្រឹះ ថ្មងាកចេញពីគ្នា និងមានការដួលរលុះថ្មនៅផ្នែកជញ្ជាំង និងចម្លាក់តោ។ ក្រៅពីជួសជុលពង្រឹងឡើងវិញ ក្រុមការងារក៏បាន​ពង្រឹងថ្មភ្នំដែលខ្លះបានប្រេះ និងមានការពុកផុយ ដោយប្រើបច្ចេកទេស​មួយចំនួនដើម្បី​ឱ្យវារឹងមាំឡើងវិញ។

លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF បានបង្ហាញពីមោទកភាព ក្នុងនាមស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយជួសជុលប្រាសាទមួយចំនួន​ក្នុងរមណីយដ្ឋានអង្គរ។ ចាប់ពីឆ្នាំ ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង។

បន្ថែមពីនេះ នាយកប្រចាំប្រទេសរូបនេះក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ ដែលបានផ្តល់ទីតាំងត្រៀមកសាង មជ្ឈមណ្ឌលព័ត៌មាននៅខាងក្រោមជើងភ្នំបាខែង ដែលគម្រោងកំពុងសិក្សា និងសាងសង់ នាពេលដ៏ឆាប់ខាងមុខ។ មជ្ឈមណ្ឌលនេះ នឹងតាំងបង្ហាញពីព័ត៌មាន និងសកម្មភាពនានា នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ដើម្បីឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានដឹង និងស្រាវជ្រាវជាដើម៕

អត្ថបទ៖ នាង សំណាង​
រូបភាព៖ សុិន ប្រណី និងយី សុថា

The World Monuments Fund (WMF) is continuing its collaboration with the APSARA National Authority to restore the western section of Phnom Bakheng Temple, with the project expected to be completed in 2029.

Mr. Chiv Phirom, Head of the Technical Team for the Phnom Bakheng Temple Restoration Project, said the restoration of the western section began in 2026 and is scheduled to conclude in 2029. He explained that the team has already restored the flooring across all four levels of the temple, from level F (the first level) to level C (the fourth level).

This work represents the third phase of the Phnom Bakheng Temple Restoration Project, which WMF has been involved in since 2004. During the first phase, from 2004 to 2007, WMF conducted studies and a pilot restoration on the first level in the southwest section of the temple. The second phase, which began in 2008 and was completed in 2019, focused on restoring the central sections of the north and south stairways on the eastern side, along with archaeological excavations and conservation work. The third phase has been underway since August 2019 and will continue until 2029.

Experts estimate that approximately 75 percent of the overall restoration of Phnom Bakheng Temple has now been completed. Of this, restoration work on the western side accounts for about 25 percent.

Regarding the damage to the western section, experts explained that the temple has suffered from foundation collapse, displaced and tilted stones, and fallen masonry affecting the walls and lion sculptures. In addition to restoration work, the team has reinforced cracked and deteriorated mountain stones using various technical methods to enhance their structural stability.

Mr. Kong Savbut, Country Director of WMF, expressed pride on behalf of the U.S.-based international organization for its long-standing contributions to the conservation and restoration of temples in the Angkor complex. Since 1989, WMF has been involved in the preservation of Preah Khan Temple, Ta Som Temple, and Angkor Wat, and is currently focusing its efforts on Phnom Bakheng Temple.

He also expressed gratitude to the Ministry of Culture and Fine Arts and to the Director General of the APSARA National Authority, H.E. Dr. Hang Peou, for providing a location at the foot of Bakheng Mountain for the construction of an information center. The center, which is currently under study and planned for construction in the near future, will present information and activities related to the Phnom Bakheng Temple Restoration Project, allowing the public and tourists to learn about and conduct research on the site.

Article by Neang Samnang
Photos by Sin Broney and Yi Sotha
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn