Wednesday, November 26, 2025
Latest:

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី១- APSARA National Authority Completes First Phase of Restoration of Brick Temple G13 on Bakheng Mountain -​ 24 November 2025

Share Post:

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ សរុបកម្ពស់ប្រវែង៥ម៉ែត្រ ដែលរងការពុកផុយ ខូចខាតដោយសារកត្តាអាយុកាល សម្ភារសំណង់ពុកផុយដោយសារធម្មជាតិ និងកង្វះការថែទាំយូរអង្វែង។

អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា ការងារជួសជុលនេះ គឺក្រុមការងារបានរកឃើញថ្មភក់របស់ខឿនតួប៉មលេខ១៣ ទិសខាងខាងលិចចំនួនប្រមាណជិត១០០ដុំ ហើយបានយកទៅរៀបនៅតាមទីតាំងដើមធ្វើឱ្យខឿននេះមានភាពរឹងដើម្បីទប់លំនឹងប្រាសាទនេះឡើងវិញ ដែលអាចរក្សាបាននូវទម្រង់ដើមនៃរចនាសម្ពន្ធនៃខឿននេះបានមួយផ្នែក ដោយមុនជួសជុលនៅសេសសល់ស្លាកស្នាមមានថ្មខឿនចំនួន១១ដុំតែប៉ុណ្ណោះ។

ក្រោយពីជួសជុលរួចរាល់ អ្នកជំនាញសង្កេតឃើញថា តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានប្រែក្លាយទៅជាមានស្ថានភាពរឹងមាំជាថ្មីឡើងវិញ ដែលធ្វើឱ្យតួប៉មឥដ្ឋនេះ អាចឈរបង្អួតភ្នែកភ្ញៀវទេសចរដោយពុំបាច់ប្រើជន្ទល់ទ្រដូចកាលពីមុនទៀតឡើយ។ ចំពោះការជួសជុលប្រាសាទឥដ្ឋ នៅលើខ្នងភ្នំបាខែង ដំណាក់កាលទី២ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ បន្តចាប់ពីផ្តែរ រហូតដល់កំពូលនៃប្រាសាទ ហើយតួប៉មប្រាសាទទាំងមូលនឹងរឹងមាំជាបន្តបន្ទាប់៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី/ ភោគ ជា
រូបភាព: ជា សារិទ្ធិ/ ស៊ិន ប្រណី

The technical team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority has successfully completed the first phase of the restoration and structural strengthening of Brick Temple G13 on Bakheng Mountain. The seven-month restoration effort, conducted from May to November 2025, focused on addressing significant deterioration caused by age, natural degradation, and prolonged lack of maintenance.

According to Ms. Chhun Ratana, an official from the Department, the first phase covered restoration work from the temple’s platform and base of the walls up to the upper lintel—approximately five meters in height. This segment of the temple had suffered extensive damage, requiring careful intervention.

During the restoration, the team recovered nearly 100 sandstone pieces from the west side of the temple and reassembled them in their original positions to stabilize the structure. Prior to this work, only 11 sandstone blocks remained in place. The successful reinstallation has significantly strengthened the temple and enabled experts to preserve part of its original form.

Upon completion, specialists observed that Brick Temple G13—once in a state of serious decay—now stands firmly again without the need for temporary supports, ensuring improved safety and appearance for visitors.

The second phase of the restoration project is scheduled for next year and will continue upward from the platform to the top of the tower, with the goal of fully reinforcing the entire structure.

Article by Yi Sotha
Photos by Sin Broney / Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn