Tuesday, December 24, 2024
Latest:

អាជ្ញាធរជាតិអប្សរាសម្ពោធស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិនៅតំបន់រមណីយដ្ឋានអង្គរ -APSARA National Authority Inaugurates Automatic Water Management Stations at Angkor Site- 09 December 2024

Share Post:

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង បានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិត​នៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារ​គ្រប់គ្រងទឹក​ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។ នេះជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់ និងវាស់កាំរស្មីព្រះអាទិត្យ ជាដើម។ល។ ស្ថានីយទាំង៦រួមមាន ស្ថានីយភ្នំគូលែន ស្ថានីយបន្ទាយស្រី ស្ថានីយចៅស្រីវិបុល ស្ថានីយក្រាំងក្រូច ស្ថានីយភ្នំក្រោម និងស្ថានីយវត្តស្លាតរំជ័យ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិ​ក្នុងការគ្រប់គ្រងទឹក​ក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិអប្សរា អមដំណើរដោយ​ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យ និងសម្ពោធ​ការដំឡើងសាកល្បងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់​នៃជ្រលងប៊ីយ៉ែវ នឹងត្រូវយកមកដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ នាទីស្នាក់ការរបស់សហជីព នាប្រទេសបារាំង៕

អត្ថបទ៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ ភោគ ជា

On December 8, 2024, the APSARA National Authority, in collaboration with SIAVB of France, officially inaugurated six automatic water management stations at the Angkor Site. These advanced stations are expected to enhance water management efforts and significantly lower labor costs.

The inauguration ceremony was led by H.E. Dr. Hang Peou, Director General of the APSARA National Authority, alongside representatives from SIAVB. The event took place at the Banteay Srei Station, one of the six stations provided by SIAVB to bolster water management at the Angkor Site. The stations utilize modern technology to quickly transmit critical data such as rainfall, humidity, wind speed, wind direction, and solar radiation via computers and mobile devices.

The six automatic water management stations include:

  • Phnom Kulen Station
  • Banteay Srei Station
  • Chau Srei Vibol Station
  • Kraing Kroch Station
  • Phnom Krom Station
  • Wat Slat Romchey Station

It is important to highlight that the APSARA National Authority and SIAVB signed a Decentralized Cooperation Agreement for the Siem Reap Angkor Water Management Automated Assistance System (SDGERA) project on December 16, 2022. In November 2023, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Administrative Board of APSARA National Authority, along with H.E. Dr. Hang Peou and other leaders and technical officers, visited France to inaugurate the trial installation of these automatic water management stations.

Article: Department of Water, Forestry and Infrastructure Management 
Photos: Phouk Chea 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn