Friday, December 27, 2024
Latest:

វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន ព្រមទាំងសោភ័ណភាពទាក់ទាញ -New visiting circuits at Phnom Bakheng give tourists more spots to visit with attractive beautification- 08 September 2023

Share Post:

ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជា បង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។

ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាពដែលអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានាដូចជាគោលដៅទី១អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្ត បន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀតសម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។

លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។
ការណ៍ដែលអាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ មានដូចជា ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់អាចមើលឃើញទិដ្ឋភាពថ្ងៃរះ ថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូលដែលស្ថិតនៅជុំវិញភ្នំបាខែងផង។

ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពដូចជា ការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ លោក ហ៊ុត សុភាព

New visiting circuits at Phnom Bakheng give tourists more spots to visit with attractive beautification

Phnom Bakheng is a popular destination for sunrise and sunset for national and international tourists. Due to the increasing number of tourists visiting the sunrise and sunset on the top of Phnom Bakheng temple, the APSARA National Authority has recently set up a new visiting circuit to avoid crowds as well as create options for tourists, who like to watch the sunset and provide tourists with a new experience that is safe and comfortable.

The team leader of the tourism agent at Phnom Bakheng, Mr. Huth Sopheap, said that the new visiting circuit is from the foot of the mountain to the temple, and when the tourists are tired, they can also stop on the safe road, where the APSARA National Authority has set up many locations, and all of them can take pictures, such as the first destination can take pictures of Prasat Baksey Chamkrong, the second destination at the foot of the mountain, has a porch for visitors to view the entire Western Baray. In contrast, the following line upon arrival at the mountain has another porch for tourists to watch the sunrise and sunset.

Mr. Huth Sopheap said that after the tourists reach the top of the mountain, there is still a tour line, they can visit the circuit that the APSARA National Authority has prepared some essential spots, such as arranging for guests to see the top Angkor Wat, the Buddha foot and head straight up the mountain from the east.
The APSARA National Authority organizes such tours for the tourists to have a lot of experience from the beginning to the top of the mountain, such as wanting the tourists to see the temple of Baksey Chamkrong, the view of the Western Baray, Angkor Wat, and especially when visitors reach the top of the mountain, they can see the sunrise, and sunset, Siem Reap City, as well as the entire forest around Phnom Bakheng.

In organizing the new visiting circuit, the APSARA National Authority also prepared to improve the environment around the temple to enhance its beauty, such as the removal of some branches, preparation of the walkway around the temple, putting direction signs, putting poles to protect the risk areas to protect tourists’ safety. At the same time, the APSARA National Authority also requests tourists or tour guides to take visitors to visit the destinations designed so that they can see what is new and beautiful.

Article: Chhay Phanny
Photos: Phouk Chea / Huth Sopheap

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn