វិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា-French School of Asian Studies donates artifacts to APSARA National Authority- 20 July 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។

លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន២កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន០១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន០១ មកពីប្រាសាទព្រៃមន្ទីរ។

លោក ទិន ទីណា បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិនឹងរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។

សូមរំឮកដែរថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរមកដល់អាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុ រិទ្ធី

French School of Asian Studies donates artifacts to APSARA National Authority

On 20 July 2023, the French School of Asian Studies or The École française d’Extrême-Orient (EFEO), in partnership with the APSARA National Authority for conservation and research work at the Angkor site, handed over 31 boxes of artifact fragments including one Buddha statue, and one Bai Sema to the APSARA National Authority for preservation, research, and inventory.

Tin Tina, Deputy Director of the Department of Research, Training, and Communication, said that all the artifacts donated by the EFEO to the APSARA National Authority were found by excavation at some research sites in Angkor, such as Kouk Ta Siem, Boeung Don Pa, Ung Mong, Baphuon and Prey Moni. He added that these items include, firstly, 27 boxes of ceramics from the Baphuon temple, including hard pottery, fragile pottery belonging to Khmer as well as Chinese, Siamese, and Vietnamese ceramics. Second, two boxes of sandstone pieces from Kok Ta Siam. Third, there are two boxes of sandstone pieces from Boeung Don Pa, Kork Ta Siam, and the Ung Mong temple. Fourth, one Buddha statue from Ung Mong temple and one Bai Sema from Prey Monti temple.

Mr. Tina added that after receiving all these items, the experts of the APSARA National Authority will prepare for the preservation in a technical manner, and the APSARA National Authority will organize a non-permanent exhibition in the Preah Norodom Sihanouk-Angkor Museum to display to the national and international tourists to study and explore Cambodian art.

It should be noted that this is the third time that the French School of Asian Studies has handed over archeological artifacts from excavations at some research sites and temple restoration sites to the APSARA National Authority.

Article: Yi Sotha
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn