Monday, December 23, 2024
Latest:

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត

Share Post:

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីបួងសួងនៅបរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងអាជ្ញាធរជាតិ តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា ព្រះសង្ឈ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរ ប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ០១នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់០១ដងក្នុងមួយឆ្នាំហើយចង់មកថែមទៀត។
លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបានក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ ។ លោកជំទាវបន្តថា ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ ។
លោកជំទាវបន្តទៀតថា ព្រឹត្តិការណ៍នេះពិតជារំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្ត ៥លានរៀល សរុបចំនួន ៤៥លានរៀល ដើម្បីចូលរួមចំណែកក្នុងការជួសជុលព្រះពុទ្ធរូបនៅប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត និងមានពិធីរាប់បាត្រព្រះសង្ឈចំនួន១០៨អង្គផងដែរ។
សូមជម្រាបថា ពិធី”រំលឹកគុណអង្គរ”មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការតាំងពិព័រណ៍ស្តីពីសមិទ្ធផល រយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីជាដើម៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

Share:

Facebook
Twitter
Pinterest
LinkedIn