Monday, December 9, 2024
Latest:

រចនាសម្ពន្ធកំពែងទី៣ប្រាសាទបន្ទាយស្រីត្រូវបានជួសជុលឱ្យផុតពីហានីភ័យ-06 October 2020

Share Post:

រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។ លោក សារាយ គឹមហួល បុរាណវិទូនិងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងពីមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ពន្ធរបស់កំពែងនិងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើសង្កត់ រីឯប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឱ្យ ស្រុត ទ្រេត និង ប្រេះខូចខុសពីទម្រង់ដើម។ ប្រាសាទបន្ទាយស្រីបានចាប់ផ្តើមអភិរក្សឡើងវិញអំឡុងឆ្នាំ១៩១៦ដោយជនជាតិបារាំង។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃនិងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal។ នៅឆ្នាំ២០០៥ ប្រទេសស្វីសនិងអាជ្ញាធរជាតិអប្សរាបានសហការធ្វើកំណាយស្រាវជ្រាវសង្គ្រោះប្រាសាទដើម្បីរក្សាសោភ័ណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេនៅឧទ្យានអង្គរ។ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារនិងប្រវត្តិនៃសំណង់ជាដើម។ ទោះជាយ៉ាងណា បន្ទាយស្រីក៏នៅមានរចនាសម្ពន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕ អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក យី សុថា

Share:

Facebook
Twitter
Pinterest
LinkedIn