Sunday, August 16, 2026
Latest:

ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បញ្ចប់គម្រោងជួសជុលប្រាសាទជម- Cambodian–Korean Experts Complete Restoration of Chorm Temple-​ 17 December 2025

Share Post:

ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។

លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជម​បានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។ លោកបន្តថា គម្រោងនេះបានរើថ្មប្រាសាទទាំងស្រុង និងរៀបដំឡើងឡើងវិញ ហើយការរៀបឡើងវិញនេះ គេបានបន្ថែមថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបចំនួន ៣១៣ដុំ ដាក់នៅទីតាំងដើមវិញ។

អ្នកជំនាញការកូរ៉េ ក៏បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយប្រាសាទជមមានរូបរាងពេញលេញ និងរឹងមាំឡើងវិញ ដែលធៀបមុនជួសជុល ប្រាសាទនេះទ្រុឌទ្រោមបាក់បែកខ្លាំងគួរឱ្យកត់សម្គាល់។ លោក Eo Jinkyu រំពឹងថា ភ្ញៀវទេសចរ រួមនឹងសាធារណជន នឹងបានចូលទស្សនាប្រាសាទនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបើកឱ្យចូលទស្សនាឡើងវិញ។

សូមបញ្ជាក់ថា មុនការជួសជុល ប្រាសាទជមមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារ​អាយុកាលនៃសំណង់ កត្តាធម្មជាតិ និងមានឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទ រហូត​ដល់គ្រឹះខាងក្រោម ការនេះធ្វើឱ្យដីគ្រឹះចុះខ្សោយ និងស្រុតចុះ។ ដើម្បីជួសជុលប្រាសាទនេះ ក្រុមការងារបានរើថ្មប្រាសាទនេះទាំងអស់ រួចរៀបផ្គុំឡើងវិញ និងបានស្វែងរកថ្មដែលបានបាត់ មកដាក់នៅទីតាំងដើមវិញ ដូចជាផ្តែរ សសរពេជ្រ និងស៊ុមទ្វារផ្នែកខាងក្រៅជាដើម៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី និង ថៃ យ៉ាម៉ង់

The Korea Heritage Agency, in collaboration with experts from the APSARA National Authority, has successfully completed the restoration of Chorm Temple, part of the Prasat Preah Pithu Group, as of December. The restoration project began in 2019.

Mr. Eo Jinkyu, architect and head of the restoration project for the Terrace of the Elephants and the Prasat Preah Pithu Group under the Korea Heritage Agency, said that Chorm Temple has regained its structural strength following the careful and systematic restoration work. He explained that the project involved dismantling the entire stone structure and reassembling it, with a total of 313 stones found around the temple returned to their original positions.

Mr. Eo Jinkyu expressed his satisfaction with the successful completion of the project, noting that Chorm Temple has now recovered its complete and solid appearance after having suffered significant damage prior to restoration. He also expressed hope that tourists and the public will soon be able to visit the temple once it is officially reopened by the APSARA National Authority.

Prior to restoration, Chorm Temple was in a severely deteriorated condition due to its age, natural weathering, and tree roots that had penetrated deep into the structure, reaching the foundation. These factors weakened the temple’s stability and led to partial collapse. To address these issues, the restoration team dismantled all the stones, carefully reassembled the structure, and replaced missing architectural elements, including lintels, pillars, and outer door frames.

Article by Neang Samnang
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn