សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសារមន្ទីរបែបព្រះពុទ្ធសាសនា តាំងបង្ហាញ និងរក្សាទុកនូវវត្ថុសិល្បៈដែលបានមកពីកំណាយស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
បច្ចុប្បន្នទីនោះ មិនត្រឹមតែជាកន្លែងរក្សាទុកវត្ថុសិល្បៈបុរាណជាច្រើនប្រភេទ និងដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិបានទស្សនាប៉ុណ្ណោះទេ គឺថែមទាំងមានអ្នកជំនាញអភិរក្សវត្ថុបុរាណនានាឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត។
លោក កង ច័ន្ទតារា ជាប្រធានក្រុមការងារអភិក្សវត្ថុបុរាណផ្នែកថ្មភក់ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ គឺមានអ្នកជំនាញផ្នែកអភិរក្សថ្មភក់ ចំនួន៣នាក់ តែងធ្វើការសម្អាតវត្ថុសិល្បៈបុរាណដែលអាជ្ញាធរជាតិអប្សរាបានរកឃើញ និងយកមករក្សាទុកនៅទីនោះ។
លោក កង ច័ន្ទតារា បញ្ជាក់ទៀតថា ជាច្រើនឆ្នាំមកនេះ ក្រុមរបស់លោកអភិរក្សវត្ថុបុរាណ រួមមានធ្វើពីថ្មភក់ លោហៈ និងកុលាលភាជន៍ជាដើម។ ក្នុងការងារអភិរក្សវត្ថុបុរាណទាំងនោះ មុនដំបូងត្រូវធ្វើការសម្អាតស្ងួត សម្អាតកំណកដី សម្អាតស្លែ និងសម្អាតផ្ទៃវត្ថុសិល្បៈទាំងមូលដោយប្រុងប្រយ័ត្ន ចៀសវាងការខូចខាត និងរក្សាបាននូវរូបរាងដើមរបស់វត្តសិល្បៈ។ វត្ថុបុរាណទាំងនោះ បន្ទាប់ពីទទួលបានការអភិក្សហើយ ត្រូវយកទៅរក្សាទុក ឬក៏វត្ថុខ្លះត្រូវដាក់តាំងបង្ហាញអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។
ចាប់តាំងពីកំឡុងខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នក្រុមអ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងធ្វើការសម្អាតវត្ថុបុរាណមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញដូចជា ព្រះកេសរបស់ទេវរូប ចំនួន២ ដែលយកមកពីខ្លោងទ្វារជ័យនៃក្រុងអង្គរធំ បំណែកចម្លាក់ទ្វារបាល ដែលយកមកពីប្រាសាទបន្ទាយប្រី ចំនួន៧បំណែក និងសិលាចារឹក១ផ្ទាំង ដែលមានលេខសម្គាល់K170 យកមកពីការិយាល័យវប្បធម៌ស្រុកជីក្រែង។ល។
ក្រុមការងារអភិរក្សថ្មភក់ បានឱ្យដឹងថា ថ្វីត្បិតតែវត្ថុបុរាណនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បច្ចុប្បន្នមានការអភិរក្ស ដើម្បីឱ្យវត្ថុទាំងនោះមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញក្តី ក៏ប៉ុន្តែ ចំពោះវត្ថុសិល្បៈខ្លះដែលបាក់បែក គឺមិនទាន់មានការជួសជុលឱ្យល្អឡើងវិញទេ។ ក្រុមអ្នកអភិរក្សវត្ថុបុរាណនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ស្នើសុំឱ្យអ្នកជំនាញផ្នែកជួសជុល ជួយជួសជុលវត្ថុសិល្បៈបុរាណជាច្រើននោះ ឱ្យបានល្អឡើងវិញផងដែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា
The Preah Norodom Sihanouk-Angkor Museum plays a vital role in preserving the rich cultural heritage of the Angkor region. Located in Siem Reap City, this museum not only showcases a diverse collection of ancient artifacts but also employs a dedicated team of conservation experts who focus on the repair and maintenance of these invaluable items.
Mr. Kang Chandara, the head of the sandstone conservation team, oversees the meticulous cleaning and restoration processes for artifacts sourced from various archaeological sites by the APSARA National Authority. His team consists of three skilled specialists who have honed their expertise over many years, working with sandstone, metal, and ceramics.
The conservation process begins with careful cleaning to remove dirt, moss, and other contaminants that could damage the artifacts. This is crucial for preserving their original appearance and ensuring their longevity. Once cleaned, artifacts are either stored securely or displayed for both national and international visitors to appreciate.
As of October 2024, the museum’s experts have been working on newly discovered artifacts, including two statues from the Victory Gate of Angkor Thom, seven pieces of door guardian statues from Banteay Prei Temple, and an inscription stone (K170) from the Chikreng District Cultural Office. These efforts highlight the museum’s ongoing commitment to conserving Cambodia’s historical treasures.
Despite these efforts, some artifacts remain in need of significant restoration. The conservation team has reached out for assistance from restoration experts to help address these challenges, ensuring that the artifacts can be preserved for future generations.
Article: Chhay Phanny
Photos: Phouk Chea
Article Translator: Net Phirun