តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនិងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០ភាគរយ ដោយគ្រោងនិងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ៣០ភាគរយ ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។
ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភ័ណ្ឌឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោកភោគ ជា
Under the direction of experts from the APSARA National Authority, significant efforts have been made over the past six months to repair, maintain, and strengthen the laterite walls located north of the Dei Chnnang Gate.
As of now, the project has achieved over 70% completion and is currently in its sixth phase, which began in June 2024. Mr. Mao Sokny, a Technical Officer involved in the project, noted that the deterioration of the stone walls is attributed to their age and various natural factors such as rainfall, erosion, and root growth from plants, which can cause stones to separate. Additionally, a lack of maintenance has led to further decay and instability of the structure.
To address these challenges, experts are reusing approximately 30% of the original stones for repairs while filling any gaps with soil to stabilize the structure. The repair techniques being utilized adhere to ancient methods, including the addition of a retaining wall at the back to enhance stability against ground pressures.
Over the years, experts have successfully repaired five laterite walls of Angkor Thom. The project also involves engaging local communities, allowing residents to participate in the restoration efforts. This not only helps preserve the historical integrity of Angkor Thom but also enhances its aesthetic appeal, ensuring that this ancient city retains its beauty for future generations and continues to attract tourists.
Article: Office of Communication
Photos: Phouk Chea
Article Translator: Net Phirun