Friday, November 22, 2024
Latest:

អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ- The experts at Prasat Chorm are trying to find the cause of the fallen stones and repair it-17 May 2024

Share Post:

ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។ បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំផ្គុំសាកល្បងថ្មនៅបរិវេណខាងជើងប្រាសាទបានឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតនៅក្នុងបរិវេណប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារបានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើយកមកថ្មទាំងនោះដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បងផ្គុំទៅតាមបច្ចេកទេសនិងទម្រង់របស់ថ្មនីមួយៗនៃប្រាសាទ។

លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រុមការងារបានរកឃើញថ្ម និងបានផ្គុំសាកល្បងត្រូវតាមលំនាំដើមរបស់រចនាសម្ពន្ធនៃប្រាសាទ ក្នុងនោះមានហោជាងទាំង៤ទិស និងថ្មកំពូលប្រាសាទមានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។

ទោះបីមានការលំបាកយ៉ាងណាក្តី ក្រុមការងារនៅតែបន្តខិតខំប្រឹងប្រែងស្វែងស្វែងរកថ្មដែលជ្រុះធ្លាក់លាយឡំគ្នាទាំងនេះ។ ចំពោះបញ្ហាដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករិចរិលរលុបនូវក្បាច់ធ្វើឱ្យពិបាកបែងចែកប្រភេទ និងពិបាកកំណត់ប្រភពនៃទីតាំងដើម គឺក្រុមការងារត្រូវការចំណាយពេលវេលាមួយសមស្រប ដើម្បីជួសជុល និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការព្យាយាមរបស់អ្នកជួសជុល និងអភិរក្សជំនាន់ថ្មីនេះ ដើម្បីការពារ និងលើកតម្លៃប្រាសាទជម ដែលជាកេរដូនតាខ្មែរឱ្យបាននូវលក្ខណៈដើមឡើងវិញ និងគង់វង្សបានយូរអង្វែងតទៅទៀត៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

The experts at Prasat Chorm are diligently working to identify the cause of the fallen stones and restore the temple to its original state. The restoration team has completed the meticulous task of cataloging and categorizing hundreds of fallen stones, aiming to minimize the use of new stones in the reconstruction process. They are currently focused on assembling over 200 stones out of the approximately 700 scattered stones, with ongoing efforts to locate their original positions within the temple.

Architect Thai Yamang of the APSARA National Authority explained that many stones were previously within the temple, some buried underground and others stacked on top of each other. The team documented and relocated these stones outside the temple for easier access during restoration. Each stone was carefully identified, measured, and classified based on its type, such as foundation stone, roofing stone, or wall stone, before being reassembled using traditional techniques.

Despite challenges like decay, breakage, and erosion affecting some stones, the team remains dedicated to meticulously restoring the temple. Their commitment reflects a deep respect for Prasat Chorm as a symbol of Khmer heritage, with a goal to preserve its original beauty and historical significance for future generations.

By Yi Sotha
Photos by Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn