Tuesday, October 28, 2025

អាជ្ញាធរជាតិអប្សរាបន្តលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើន -APSARA National Authority Continues to Encourage Residents to Plant More Trees-​ 27 October 2025

Share Post:

ជារៀងរាល់ឆ្នាំ ក្នុងទិសដៅដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានបណ្ដុះ​កូនឈើ​រាប់ម៉ឺនដើម ដើម្បីដាំបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ។ ការថែរក្សាគម្របព្រៃឈើឱ្យបានល្អ ជាចំណែកដ៏សំខាន់សម្រាប់ទាក់ទាញភ្លៀង និងកាត់បន្ថយភាពក្តៅនៅតំបន់ប្រាសាទ។

ក្នុងបេសកកម្មមួយនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយបណ្តុះកូនឈើសរុបចំនួន១២ ដើម្បីបណ្ដុះ និងចែកចាយទៅពលរដ្ឋនៅតំបន់ខាងក្រៅផងដែរ។ ក្នុងឆ្នាំ២០២៥នេះ កូនឈើចំនួន ២៥,៥៥៣ដើម ត្រូវបានចែកចាយទៅដល់ព្រះសង្ឃ ប្រជាពលរដ្ឋ តាមស្ថាប័នរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជនជាដើម។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដូចរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាបានបន្តបណ្តុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយទៅខាងក្រៅ។ លោកបន្តថា ដើមឈើទាំងនោះមាន​ដើមឈើប្រណិត រុក្ខជាតិ និងផ្កាលម្អ។ ក្នុងនោះដែរ អាជ្ញាធរបានបណ្ដុះដើមរាំងទឹក និងដើមត្នោត សម្រាប់ដាំនៅតាមជើងទំនប់ទឹកនានា ការពារពីការហូរច្រោះបាក់ដីជាដើម។ ហើយបន្ថែមពីនេះ អាជ្ញាអរជាតិអប្សរាបានធ្វើកិច្ចសហការបង្កើតឧទ្យានដាំកូនឈើជាមួយស្ថាប័នឯកជនផងដែររួមមាន ក្រុមហ៊ុនតូតាល់អេនើជី ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ៍ ធនាគារ ស៊ីអាយអឹមប៊ី និងក្រុមហ៊ុន អ៊ីអន ដែលបានដាំកូនឈើសរុបជាង ៤ម៉ឺនដើមរួចហើយ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រោយពីដាំរួចអាជ្ញាធរជាតិអប្សរាបន្តថែរក្សា ដូចជាស្រោចទឹក ដាក់ជី កាត់ស្មៅ និងកាត់ក្រីមែកជាដើម ដើម្បីឱ្យដើមឈើទាំងអស់លូតលាត់បានល្អ និងឆាប់ធំ។ លោក ញ៉ែម រស្មី ពន្យល់ថា៖« យើងមានការថែទាំត្រឹមត្រូវ ពីព្រោះមុនបានកូនឈើដាំយើងចំណាយច្រើន រាប់តាំងពីការប្រមូលគ្រាប់ពូជយកមកបណ្តុះ និងរហូតដល់ធំ។ ដូច្នេះហើយយើងត្រូវការថែទាំកុំឱ្យវាងាប់ ទើបដាំហើយត្រូវការ​​ស្រោចទឹក កាត់ស្មៅ ដាក់ជី  និងកាត់ក្រីថែទាំដើម្បីឱ្យវាលូតលាស់ល្អ»

បន្ថែមពីនេះ លោក ញ៉ែម រស្មី បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួមដាំដើមឈើឱ្យបានច្រើន  និងអាចដាក់ពាក្យស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរាយកទៅដាំ ហើយការផ្តល់ជូននេះ គឺដោយឥតគិតថ្លៃ។ ការនេះក្នុងគោលដៅសំខាន់ គឺលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ និងបង្កើតប្រភពបៃតងនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដែលព្រៃឈើមានអត្ថប្រយោជន៍​ជាច្រើនដល់ភពផែនដី៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី

Every year, to help maintain and preserve the Angkor temples, the APSARA National Authority plants tens of thousands of trees across the Angkor site. Maintaining good forest cover plays an important role in attracting rainfall, reducing heat, and sustaining the natural environment around the temples.

To support this mission, the APSARA National Authority has established 12 nursery stations to grow and distribute saplings to residents in surrounding communities. In 2025 alone, a total of 25,553 trees were distributed to monks, residents, state institutions, organizations, and private companies.

Mr. Nhem Reaksmey, Technical Officer of the Department of Water, Forestry and Infrastructure Management, said that, as in previous years, the APSARA National Authority continues to plant tens of thousands of trees both within the Angkor site and in nearby areas. He added that the trees include luxury species, shade trees, and ornamental plants. Additionally, water-retaining and palm trees have been planted near dams to help prevent soil erosion.

Mr. Reaksmey also highlighted the authority’s collaboration with private institutions such as TotalEnergies, Manulife Insurance, CIMB Bank, and AEON, which have jointly planted more than 40,000 trees in designated tree-planting parks.

After planting, the APSARA National Authority continues to care for the trees by watering, fertilizing, mowing, and pruning them to ensure healthy and rapid growth. “We provide proper care because tree planting requires a lot of resources—from collecting seeds to nurturing them until they grow. Therefore, we must take good care of them so they do not die. We water them, mow the grass, fertilize, and prune them so they grow well,” explained Mr. Reaksmey.

He further encouraged citizens to take part in this initiative by planting more trees. Residents can request free saplings from the APSARA National Authority to plant on their own properties. The main goal, he emphasized, is to inspire community participation in forest conservation and the creation of more green spaces in Cambodia, as forests provide countless benefits for the planet.

Article by: Neang Samnang
Photos by: Sin Broney
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn