អាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតេម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង តំណាងដោយលោកស្រី Sharon Wong បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ពិធីបើកជាផ្លូវការ ពិព័រណ៍ខាងលើនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមជាកិត្តិយសពីសំណាក់លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា។
គោលបំណងនៃការរៀបចំពិព័រណ៍ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដើម្បីបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេសគឺបង្ហាញនូវ ទស្សនៈថ្មីអំពីកេរ្តិ៍ដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។ ពិព័រណ៍ខាងលើចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់អំពីពិព័រណ៍នេះ ក៏ដូចជា ទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅក្នុងសារមន្ទីរ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
The APSARA National Authority has organized a temporary exhibition titled “Angkor and China: Ceramic Roof Tiles Tradition and Maritime Trade Road,” in collaboration with the Department of Anthropology at the Chinese University of Hong Kong. This exhibition will be held for six months at the Preah Norodom Sihanouk-Angkor Museum.
The official opening ceremony took place on June 6, 2025, with H.E. Mr. Long Kosal, Deputy Director-General, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority. The event was honored by the presence of Mr. LU Qizhi, Director of the Consular Office in Siem Reap from the Embassy of the People’s Republic of China to Cambodia, along with officials and staff from the APSARA National Authority.
The exhibition aims to highlight the ceramic industry during the Angkor period and its connections with China. It offers a fresh perspective on Angkor’s legacy by exploring cultural, social, and commercial interactions between the two regions. Visitors can attend the exhibition from June 6, 2025, until December 31, 2025, where they will also have the opportunity to view various art objects sourced from excavations, restorations, and conservation efforts within the museum.
Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun