វឌ្ឍនភាពនៃដំណើរការជួសជុលនៅផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង- Progress of restoration work on some parts of Phnom Bakheng Temple-​ 16 May 2025

Share Post:

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។

លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន២ជាន់ហើយ(ជាន់ទី៣ និងជាន់៤) និងនៅសល់ពីរជាន់ទៀត(ជាន់៥និងជាន់៦) កំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បូង។ កិច្ចការទាំងនេះសម្រេចលទ្ធផលបានប្រមាណ៨៥ភាគរយហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ខាងមុខ។

ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារក៏កំពុងបន្តជួសជុលមួយផ្នែកទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣.។ជាលទ្ធផលបានបញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ដោយបច្ចុប្បន្នកំពុងរៀបចំជញ្ជាំងនៅជាន់ទី៦ និងជាន់ទី៣។

សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបាខែងនេះ គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

The restoration work at Phnom Bakheng Temple is making significant progress, thanks to the collaboration between the APSARA National Authority and the World Monument Fund. Experts from the APSARA National Authority are focusing their efforts primarily on the southwest side of the temple, with plans to extend restoration to the western side as well.

Mr. Chiv Phirom, the project engineer overseeing the technical management of restoration and conservation at Phnom Bakheng Temple, reported that restoration efforts have been ongoing since 2009. In 2019, a dedicated restoration project was launched for the southwest side of the temple. To date, two levels—the third and fourth—have been successfully restored. Preparations are currently underway for the remaining two levels (the fifth and sixth), with approximately 85% of this phase completed. The project is on track for completion by the end of 2025.

In addition to the southwest side, restoration work is also being conducted on the west side of the temple. The team has begun repairs starting from the sixth level down to the third level. Restoration of the walls on the fifth and fourth levels has been completed, while preparations for the sixth and third levels are in progress.

Phnom Bakheng Temple, constructed in the early 10th century during the reign of King Yasovarman I, remains a popular destination for both national and international tourists. It attracts hundreds of visitors daily, who come to enjoy stunning sunset views and take in the panoramic scenery of the Angkor area.

Article by the Office of Communication 
Photos by Yi Sotha/Chea Vannak and Sin Broney 
Translation by Net Phirun 

Share:

Facebook
Twitter
Pinterest
LinkedIn