នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។
ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។
អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា,លោក ស៊ិន ប្រណី,ក្រុមភ្នាក់ងារទេសចរ
The APSARA National Authority is gearing up to welcome tourists for Angkor Sangkranta 2025, the traditional Khmer New Year celebration. To ensure a smooth experience for the diverse influx of visitors, over 400 tour agents will be stationed across 18 key locations within the Angkor site.
Mr. Chan Samnang, Head of Tourism Agent, highlighted the proactive measures taken by the APSARA National Authority. The team of tourism agents will assist in managing traffic flow, providing first aid in case of accidents, and returning any lost items to their rightful owners. Preparations for the festival include environmental clean-up efforts, the establishment of parking areas, repair work on stairs, installation of wooden railings, and thorough cleaning of temple facilities.
Tourism agents will be strategically positioned along major routes leading to popular destinations, such as the Tonle Om Gate, Victory Gate, and Dei Chhnang Gate of Angkor Thom, to alleviate congestion and enhance visitor experience.
The APSARA National Authority urges all tourists attending the Angkor Sangkranta festivities to help maintain cleanliness at the site. Visitors are reminded not to consume alcohol or food within the ancient temple precincts, to travel respectfully within the Angkor area, and to adhere to proper driving and parking protocols. Additionally, it is important to follow the Angkor Code of Conduct by dressing appropriately and respecting the cultural values of Cambodia.
Article by Chhay Phanny
Photos by Phouk Chea, Sin Broney, Tourism Agent
Translation by Net Phirun