ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។
មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។
មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់ជាដើម។ លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំរាប់រយឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូចត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារអាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ នៅឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលសល់ស្លាកស្នាមគ្រឹះនិងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។ យ៉ាងណា នេះជាស្លាកស្នាមបុរាណដ្ឋានដ៏សំខាន់ដែលអ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្រ្តដែលគួរត្រូវបានរក្សា និងជួសជុលឱ្យគង់វង្សបន្តទៀត៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា
APSARA National Authority has successfully completed the restoration of Tower 15 at the Phnom Bakheng Temple, marking the end of a six-month project. Ms. Chhun Ratana, a Technical Officer from the Department of Conservation of Monuments and Preventive Archaeology, announced that the restoration was finalized in mid-December 2024, following the commencement of work on May 29.
The restoration team is now focused on cleaning the site and removing renovation materials to prepare for the temple’s reopening to visitors. Additionally, plans are underway to initiate a new project aimed at restoring Tower 14, which is situated adjacent to Tower 15.
Prior to the restoration, Tower 15 had suffered significant damage, with its roof and walls nearly collapsing due to age and natural elements. Ms. Chhun Ratana detailed that the team undertook extensive repairs to reinforce the walls, ceiling, and floor, while also reorganizing the platform to ensure the tower’s stability for centuries to come.
Phnom Bakheng Temple is home to 44 brick towers, and thus far, a portion of the site has undergone structural repairs by the APSARA National Authority in collaboration with the World Monuments Fund (WMF). Looking ahead, the APSARA National Authority plans to continue its preservation efforts by restoring Tower 14 in 2025, as it still retains remnants of its foundation and some walls. This site is recognized for its historical significance, prompting archaeologists to advocate for its preservation and repair.
Article by Neang Samnang
Photos by Phouk Chea
Translation by Net Phirun