អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត -APSARA National Authority to complete the restoration of Southern Library in Angkor Wat Temple’s Second Terrace- 03 January 2025

Share Post:

រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។

កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។

លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។
ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និងកម្រាលដែលបានហែកចេញពីគ្នា។

កាលពីអំឡុងខែធ្នូកន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រឹមត្រូវ ដែលធ្វើឱ្យបណ្ណាល័យនេះ មានភាពរឹងមាំនិងមានសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប ដែលតែងតែចេញ-ចូលទៅទស្សនា៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា,ភោគ ជា,ក្រុមការងារជួសជុលបណ្ណាល័យ

The APSARA National Authority has successfully completed the restoration of the nearly 1,000-year-old southern library located on the second terrace of Angkor Wat Temple. After five months of dedicated work, the restoration team has addressed significant damage that had left the structure in a dilapidated state.

Prior to the restoration, the southern library exhibited severe deterioration, particularly with rotting and cracking stone pillars on the southeast side. The walls were also compromised, leading to instability in the beams and roof above. Mr. Khem Mony, the head of the restoration site, reported that the renovation has reinforced the pillars, walls, floors, and foundations of the library.

The restoration process commenced in early July 2024 and adhered to guidelines set by the ICC Angkor/Sambor Prei Kuk, which thoroughly inspected the site. The repair efforts included the integration of new stones to bolster the overall structure and to prevent further sagging of the floor. For the older pillars on the east side, approximately a quarter of decayed stones were replaced, while half of the decayed stones in the interior pillars were also substituted with new materials to enhance structural integrity.

In December, following an inspection by ICC Angkor/Sambor Prei Kuk, experts praised APSARA National Authority’s team for their adherence to restoration protocols, ensuring that the library is now strong and safe for visitors.

Article: Chhay Phanny
Photos: Yi Sotha, Phouk Chea, Restoration Team
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn