ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង៤ខែ បញ្ចប់ដោយជោគជ័យ។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាប្រធានការដ្ឋាន ឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។ កាលពីឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ នៅជ្រុងពាយ័ព្យ លើទំហំ១ភាគ៤របស់ប្រាសាទបាយ័ន និងជួសជុលរចនាសម្ពន្ធខឿនផ្នែកខាងលិច។
រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន គឺជាទីតាំងសំខាន់ដែលមានភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ កាលពីមុនពេលជួសជុល គឺធ្នឹមដែលនៅជាប់នឹងខឿនរបស់រួតទី៣បានបែក ដែលអាចប្រឈមនឹងការធ្លាក់ កម្រាលថ្មរងការខូចខាតដោយសារឬសឈើចាក់ចូល ធ្វើឱ្យអ្នកជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ពន្ធទាំងនោះឡើងវិញ។
ការជួសជុលបានជួយសង្គ្រោះរួតទី៣ នៃប្រាសាទបាយ័ន ឱ្យរួចផុតពីហានិភ័យនានា ព្រមទាំងទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នរួតទី៣ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងកញ្ញា ម៉េង សុវណ្ណលីលីន
The APSARA National Authority has successfully completed a restoration project on the third terrace at the southwest corner of Bayon Temple after more than four months of work. Led by architect Ms. Meng Sovanlylin, the restoration team focused on repairing the damaged Naga balustrades, beams, and stone floors.
This project is part of a larger restoration effort, with previous phases addressing different sections of the temple. In 2021, the first phase involved repairs to parts of the southwest corner, while in 2023, the second phase covered the northwest corner and included work on the western platform structure.
The third terrace at the southwest corner is a significant area for tourists. Prior to the restoration, the structural integrity was compromised due to a broken beam and damage from tree roots, which posed risks of collapse. The restoration aimed to reinforce the structure and prevent further damage.
With the completion of this project, the third terrace has been restored to a strong condition, closely resembling its original form. This work not only enhances the site’s safety but also preserves its historical significance for future visitors.
Article: Chhay Phanny
Photos: Phouk Chea and Meng Sovanlylin
Article Translator: Net Phirun