Friday, December 27, 2024
Latest:

អ្នកភូមិចំណុះជើងវត្តអាធ្វារៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណ- Villagers living near Wat Athvea to hold a religious ceremony for Visak Bochea according to ancient tradition-23 May 2024

Share Post:

រយៈពេល៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសល់ដល់បុព្វការីជនទាំង៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យពិសាខបូជាផង។

លោកព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ៧៧ឆ្នាំ រៀបរាប់ឱ្យដឹងថា វិធីបុណ្យនេះបានបន្តធ្វើឡើងតាមទំនៀមទម្លាប់បុរាណរៀងមក ដោយធ្វើឡើងនៅទួលតាមឿង និងកំណត់យកថ្ងៃពេញបូរណ៌មី ខែពិសាខបូជាមានចំនួន៣ថ្ងៃ ២យប់។ លោកបានបន្តថា កិច្ចពិធីមាននៅក្នុងថ្ងៃទី១ គឺឡើងរោង រៀបចំគ្រឿងរណ្តាប់ គ្រឿងសក្ការបូជាផ្សេងៗសម្រាប់ប្រើប្រាស់។ នាពេលរសៀលធ្វើកិច្ចពិធីបួងសួង បើកព្រះនេត្រព្រះ និងចម្រើនព្រះបរិត្ត។ ថ្ងៃទី២ ព្រឹកឡើងរៀបចំពិធីឆ្លង រួមមានឆ្លងព្រះ ឆ្លងភ្នំខ្សាច់ និងទេសនាអានិសង្ឃភ្នំខ្សាច់។ លុះល្ងាចឡើងរៀបចំសូត្រមន្ត ឆាន់ដាទក្ខិណានុប្បទានជូនដល់ដូនតា ដែលអនិច្ចកម្មទៅ។ មិនថាតែញាតិ ឬអញាតិដែលអនិច្ចកម្មទាំងប៉ុន្មាន ដូចជាអ្នកបានតស៊ូក្នុងកិច្ចការពារប្រទេសជាតិក៏មកទទួលអនុមោទនាបានដូចគ្នា។ ថ្ងៃទី៣ ព្រឹកឡើង ឆាន់ដាឆ្លង ផ្សឹកភ្នំខ្សាច់ និងរាប់បាត្រជាកិច្ចនៃការបង្ហើយបុណ្យ។

ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុស-ស្រី ចាស់-ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន ភូមិក្រសាំងរលើង ភូមិទ្រាក ភូមិដូនវង ភូមិធំ ភូមិកក្រាញ់ ភូមិស្ពានជ្រាវ មករៀបចំធ្វើរោងបុណ្យ រៀបចំគ្រឿងសក្ការបូជា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យ និងធ្វើកិច្ចនៅក្នុងពិធីតាមសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករ ដែលជាទំនៀមរបស់អ្នកភូមិចំណុះវត្តអធ្វាតែងតែមូលមាត់គ្នាប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕

អត្ថបទ និងរូបភាព: លោក យី សុថា

For 3 days and 2 nights, 21-23 May 2024, the villagers living near Wat Athvea held a religious ceremony according to ancient tradition, which is always dedicated to the ancestors and happiness during the Visak Bochea festival.

Mr. Mak Saram, 77 years old, described that the villagers living near Wat Athvea have kept the tradition of holding a religious ceremony for Visak Bochea according to ancient customs. This ceremony is a way for them to pay homage to their ancestors and seek blessings for happiness and prosperity. The gathering at the Tuol Ta Moeung (spirit house) for three days and two nights involves elaborate preparations and worship ceremonies that are deeply rooted in their cultural heritage.

It is heartening to see the villagers coming together from different villages near Wat Athvea to uphold this tradition year after year. Their dedication to preserving their customs and honoring their spiritual beliefs is a testament to the rich cultural heritage of the community.

Article and Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn