Tuesday, December 24, 2024
Latest:

ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយក្រោយពេលបានឆ្លងកាត់ស្ពានថ្មីចូលទស្សនាប្រាសាទនាគព័ន្ធ-Tourists express their appreciation after crossing the new bridge to visit the Neak Poan temple-12 October 2022

Share Post:

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។

លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ ពិតជាមិនខកបំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រៀតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។

ចំណែកលោកសេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង បានបង្ហាញថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី នៅមុខប្រាសាទនាគព័ន្ធបានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏បានសម្រេចចិត្តមកទស្សនាប្រាសាទនាគព័ន្ធ។ ក្នុងនោះលោកសង្កេតឃើញ ស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថា និងមានភ្ញៀវទេសចរមកទស្សនា ប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។
លោកសេង គុណ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ក្នុងការស្ថាបនាស្ពានថ្មីនេះ ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត សាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

គួររំឭកថា បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រ ។
ដោយសារភាពរីងស្ងួតអស់កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើម ការងារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់ និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សាទឹកក្នុងបារាយណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាក មានជីវិតសារជាថ្មីម្តងទៀត។
បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រះខ័ន៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ជា វណ្ណៈ និង លោក យី សុថា

 

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn