អ្នកស្រុកអង្គរតែងតែប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខជារៀងរាល់ឆ្នាំ-04 February 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។
នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់អង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។
អ្នកភូមិជឿថា ការធ្វើពិធីឡើងអ្នកតា គឺនាំឱ្យកូនចៅសុខសប្បាយ ធ្វើស្រែចម្ការទទួលបានភោគផលច្រើន ចៀសផុតពីជំងឺ។ ដូច្នេះហើយ ទើបពួកគាត់ត្រូវរៀបចំពិធីនេះមិនដែលអាក់ខានឆ្នាំណាទេទៅតាមលទ្ធភាព ព្រោះអ្នកតា គឺជាវត្ថុស័ក្ដិសិទ្ធិ អ្នកថែរក្សាស្រុក ជាអ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ។
លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមកមិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពីធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីចម្រើនទៅតាមជំនឿរបស់ខ្លួន។
សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក យី សុថា

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn