Monday, December 23, 2024
Latest:

ការគ្រប់គ្រងហានិភ័យដើមឈើក្នុងរមណីយដ្ឋានអង្គរ – 17 September 2021

ក្រៅពីប្រាសាទ ដើមឈើជាទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ទេសចរ ក្នុងការដើរកម្សាន្តរមណីយដ្ឋានអង្គរ។

Share Post:

ការគ្រប់គ្រងហានិភ័យដើមឈើក្នុងរមណីយដ្ឋានអង្គរ
 
ក្រៅពីប្រាសាទ ដើមឈើជាទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ទេសចរ ក្នុងការដើរកម្សាន្តរមណីយដ្ឋានអង្គរ។ ពិតណាស់ថា ដើមឈើបានផ្តល់ប្រយោជន៍ក្រៃលែងដល់មនុស្ស និងកិច្ចការអភិរក្សប្រាសាទ តែដើមឈើក៏ផ្តល់ហានិភ័យមួយចំនួនផងដែរ ជាពិសេសពេលដើមឈើធំ ចាស់ ងាប់ និងឈានដល់ការពុកផុយ។
ក្នុងន័យសង្រ្គោះប្រាសាទ ក៏ដូចជាសុវត្ថិភាពមនុស្ស អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញដើមឈើ បានចុះពិនិត្យតាមដានជាប្រចាំ និងស្នើសុំវិធានការនានា ក្នុងនោះដូចជា ការព្យាបាល ការកាត់ក្រី និងកាត់ដកហូតដើមឈើណាដែលបង្កអាចគ្រោះថ្នាក់ជាដើម។
 
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ទទួលបន្ទុកការងារគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រៅពីកិច្ចការចម្បងក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍប្រកបដោយចីរភាព ការថែរក្សានិងលើកតម្លៃទេសភាពវប្បធម៌ ការងារថែរក្សាព្រៃឈើនិងបង្កើនគម្របបៃតងក្នុងរមណីយដ្ឋានអង្គរ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាចាត់ទុកជាការងារអាទិភាពដែរ។ មូលហេតុសំខាន់នោះ គឺដើមឈើបានជួយមួយផ្នែកដល់កិច្ចការអភិរក្សប្រាសាទផងដែរ។
 
ចំណុចដែលបង្ហាញថា អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបរិស្ថាន ក៏ដូចជាការថែរក្សាដើមឈើនោះ គឺការបង្កើតឱ្យមានស្ថានីយបណ្ដុះកូនឈើរហូតដល់១០ទីតាំង ហើយជារៀងរាល់ឆ្នាំស្ថានីយទាំងនោះបណ្តុះកូនឈើបានប្រមាណជាង ២០០ ០០០ ដើម។ តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា ក្រៅពីខិតខំថែរក្សា និងព្យាបាលដើមឈើដែលមានស្រាប់ គឺបានដាំដើមឈើបន្ថែមសរុបជាង ២លានដើមមកហើយ ក្នុងតំបន់អង្គរ។ មួយវិញទៀត ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើលើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរបានប្រមាណជាង ២០ ០០០ ដើម និងជាង ១០០ ០០០ ដើមទៀត បានចែកចាយដល់សាធារណជនគ្រប់ទិសទី ដែលបានដាក់ពាក្យស្នើសុំយកទៅដាំដោយឥតបង់ថ្លៃ។ ឯកឧត្តមអគ្គនាយករងបញ្ជាក់ថា គោលបំណងសំខាន់លើកិច្ចការងារនេះ គឺដើម្បីឱ្យអង្គរមានភាពបៃតង និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារបរិស្ថាន។
 
ក្នុងបេសកកម្មថែរក្សាព្រៃឈើវិញ អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញសម្រាប់ព្យាបាលដើមឈើដែលមានជំងឺ ឬពុកផុយជាដើម។ ដើមឈើខ្លះយើងមើលពីខាងក្រៅឃើញថានៅល្អស្អាត និងពុំមានការខូចខាតនោះទេ តែតាមពិតខាងក្នុងប្រហោងក្នុងពុកផុយ ទៅហើយ។ គោលដៅសម្រាប់ការងារនេះ គឺព្យាយាមទុកដើមឈើនោះឱ្យអស់លទ្ធភាព មុននឹងសម្រេចឈានដល់ការកាត់ដកហូតចេញ ជៀសវាងបង្កគ្រោះថ្នាក់ដួលរលំសង្កត់ប្រាសាទ ឬមនុស្ស ជាពិសេសអ្នកដែលមកទស្សនាប្រាសាទ។ ក្នុងមួយឆ្នាំៗមានដើមឈើហានិភ័យមួយចំនួនដើមត្រូវបានកាត់ក្រី និងកាត់ដកហូតចេញដោយអ្នកជំនាញ ហើយដែលអាជ្ញាធរជាតិអប្សរាតែងតែជូនដំណឹងជូនសាធារណៈជនជ្រាបជាមុនផងដែរ។
 
ទាក់ទងនឹងករណីនេះដែរ ឯកឧត្តម យិត ចាន់ដារដ្ឋ បានច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលថាអាជ្ញាធរជាតិអប្សរា មានបំណងធ្វើជំនួញដើមឈើក្នុងរមណីយដ្ឋានអង្គរ ដោយធ្វើឱ្យដើមឈើងាប់នៅក្នុងបរិវេណទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្ត បន្ទាប់មកកាត់យកលក់។ ឯកឧត្តមអគ្គនាយករងចាត់ទុកពាក្យសំដីនេះថា ប្រាស់ច្រាកពីការពិតជាក់ស្ដែង និងពុំបានយល់ដឹងពីបច្ចេកទេសនៃការថែទាំដើមឈើ ព្រោះអាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ៕

Share:

Facebook
Twitter
Pinterest
LinkedIn